ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃ ពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩០០ នាទីព្រឹក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីន ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស“បូកគោ” ខេត្តកំពត។ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ដោយគោរពទៅតាមប្លង់ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមាន ការគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។