ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ មានគណនីហ៊េ្វសប៊ុកឈ្មោះ “Sreypor Heng ” បានធ្វើការផ្សព្វផ្សាយតាមរយៈគណនីផ្ទាល់ខ្លួនថា “ផ្លូវដងទង់ទៅឈូក មានមនុស្សចាំស្ទាក់ចាំវាយឡាន នៅចំណុចជិតដូនយ៉យ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ” ។
ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចយើង បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយរកឃើញថាជនបង្កហេតុនោះឈ្មោះ យិល ធុយ ភេទប្រុស អាយុ ៤២ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។
តាមការបំភ្លឺរបស់ម្តាយជនបង្កនោះថា កូនគាត់ ឈ្មោះ យិល ធុយ ជាមនុស្សមានសតិមិនប្រក្រតីម្តងម្កាល ដោយហេតុថា កូនគាត់ធ្លាប់មានជំងឺកាលពីក្មេង(កាលពីអាយុ ២០ឆ្នាំ) បានទៅរកគ្រូព្យាបាលជាច្រើនកន្លែងណាស់មកហើយ នៅតែមិនជា មានពេលខ្លះដួលសន្លប់ ហើយពេលខ្លះទៀត វាយរបស់របរក្នុងផ្ទះ ទាល់តែសាច់ញាតិចាប់ចងទើបនៅស្ងៀម។ ហើយថ្មីៗនេះ កូនរបស់គាត់ មានសភាពកាន់តែដុនដាបជាងមុនទៀត ដោយពេលខ្លះរត់ទៅចងកសម្លាប់ខ្លួន ពេលខ្លះទៀតដើរស្រែកជេរគេឯងពេញតែផ្លូវ ជាក់ស្តែងនៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កូនរបស់គាត់បានផឹកស្រា ហើយយកដបដេញគប់ឡានគេបើកតាមផ្លូវដងទង់-ឈូក។
ក្រោយពេលបំភ្លឺរួច ម្តាយជនបង្កបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចថា នឹងត្រូវមើលការខុសត្រូវកូនរបស់គាត់មិនអោយមានការបង្កផលរំខានណាមួយដល់អ្នកធ្វើដំណើរ ឬប្រជាពលរដ្ឋណាម្នាក់ឡើយ
អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕