ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា លើកឡើង ក្នុងគណនី ហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ នេះ ថា ៖ រយៈពេលជាង២ឆ្នាំមកហើយ ដែលអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាប ស្អប់ខ្ញុំ ទន្ទឹមនឹងនេះ ខ្ញុំបាទសូមគោរពអរគុណ ដល់ស្ថាប័ន ដែលពាក់ព័ន្ធ ពិសេស សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវគម្រោងរបស់ រាជបណ្ឌិត្យសភាកម្ពុជា ស្តីពី«បឹងទន្លេសាប»។
ដោយការរួមសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធយើងបានហាមឃាត់៖
១-មិនឱ្យមានការដាក់ព្រួលជាប់ៗគ្នា។ ការមិនឱ្យដាក់ព្រួលជាប់គ្នានេះ ហើយដែលអាចធ្វើឱ្យត្រីអាចបំលាស់ទីទៅកាន់ទីឆ្ងាយៗបានដើម្បីរកចំណីនិងដើម្បីពង។
២- មិនឱ្យមានការដាក់ស្បៃមុងក្រឡាល្អិត។
៣-មិនឱ្យចូលនេសាទនៅតំបន់អភិរក្ស។
៤-មិនឱ្យនេសាទនៅរដូវត្រីពង។
៥- មិនឱ្យធ្វើស្រែនៅតំបន់៣ ព្រោះពេលដែលធ្វើស្រែ បងប្អូនបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលវាប៉ះពាល់ទៅដល់សត្វត្រីនិងជីវចម្រុះនានានៅក្នុងបឹងទន្លេសាប។
៦- មិនឱ្យដាក់ស្បៃមុងក្រឡាល្អិតនៅក្នុងតំបន់ព្រៃលិចទឹក ។
៧- មិនឱ្យបំផ្លាញព្រៃលិចទឹកដែលជាជង្រុកនៃចំណីត្រី និងជាកន្លែងផ្តល់ជម្រកសម្រាប់ត្រីពង នារដូវវស្សា។
៨- មិនឱ្យមានបទល្មើស ឆក់ត្រីគ្រប់ប្រភេទ។
ការចូលរួមពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ទើបយើងទទួលបានទិន្នផលត្រីបឹងទន្លេសាបមានការកើនឡើងក្នុងឆ្នាំ២០២២។













