រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មាន ទាក់ទងនឹងការផ្សព្វផ្សាយវីដេអូឃ្លីប ពីគ្រួសារកងទ័ពចំនួន៣០គ្រួសារ បានមករស់នៅលើទីតាំងថ្មដាតូច
(ពោធិ៍សាត់)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គេហទំព័រឈ្មោះ ជីវិត និងកីឡា បានផ្សព្វផ្សាយវីដេអូឃ្លីប ពីគ្រួសារកងទ័ពចំនួន៣០គ្រួសារ បានមករស់នៅលើទីតាំងថ្មដាតូច ចំណុចគីឡូម៉ែត្រលេខ១៦៣-១៦៤ ជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះត្រូវប្រឈមនឹងការ បណ្ដេញចេញ។
ទាក់ទិននឹងករណីខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយស សូមបំភ្លឺជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ៣០គ្រួសារក្នុងតំបន់នោះ បានមកស្នើសុំអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្ត ពោធិ៍សាត់ ដើម្បីឆ្កៀលដីឱ្យពួកគាត់នៅលើទីតាំងនោះ។ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យពួកគាត់បញ្ចេញមតិយោបល់លើក សំណើទាំងអស់គ្នា នឹងបានដឹងថា ក្នុងចំណោម៣០គ្រួសារនោះ ខ្លះជាគ្រួសារកងទ័ព ខ្លះទៀតជាប្រជាពលរដ្ឋទើបមករស់នៅនោះទេ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពន្យល់អំពីទិដ្ឋភាពច្បាប់ជូនពួកគាត់ និងប្តេជ្ញាស្វែងរកដំណោះស្រាយសមស្រប ជួយពួក គាត់ឱ្យបានរស់នៅស្របច្បាប់។ ជាមួយនេះ នៅក្នុងឱកាសសាកសួរសុខទុក្ខកងកម្លាំងឈរជើងនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឯកឧត្តម បានប្រកាសជូនកងកម្លាំងគ្រប់អង្គភាព ពិនិត្យមើលគ្រួសារកងទ័ពដែលខ្វះខាតដីពិតប្រាកដ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយបញ្ហាជូន ពួកគាត់។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនសាធារណជនបន្ថែមឱ្យបានជ្រាបដូចតទៅ៖
១-ទីតាំងនោះស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ដែលក្រសួងបរិស្ថានបានហាមឃាត់ ហើយជាតំបន់ ដាច់ស្រយាលពីបង្គុំគ្រួសារដទៃ ដែលឆ្ងាយពីសាលារៀន មណ្ឌលសុខភាព និងឆ្ងាយពីកន្លែងផ្តល់សេវាសាធារណៈផ្សេងៗ។
២-ជាគោលការណ៍របស់ក្រសួងបរិស្ថាន តំបន់នោះត្រូវបានរក្សាទុកជាតំបន់អេកូទេសចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “អភិវឌ្ឈន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឈន៍។
៣-ពួកគាត់ទើបតែមកតាំងទីលំនៅក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ ហើយក្រុមការងារបានអប់រំ ទប់ស្កាត់ និងហាមឃាត់ពួកគាត់ ជាច្រើនលើកមកហើយ ។ ក្រោយមកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យពួកគាត់មានឱកាសរុករានដាំដំណាំនិង សាងសង់នៅពេលយប់។
៤-សំណង់របស់ពួកគាត់ស្ថិតលើដីចំណីផ្លូវជាតិលេខ៥៥ ផ្នែកខាងក្រោយគឺជាទីជម្រាលភ្នំ បណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ដែលងាយប្រឈមនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាយថាហេតុ។ និងស្ថិតនៅក្រោមគន្លង
៥-សំណង់របស់ពួកគាត់បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ប៉ះពាល់ប្រភពទឹក និងវិស័យ ទេសចរណ៍ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ។
៦-មកដល់ពេលនេះ ស្ថាប័នជំនាញមិនទាន់បានបណ្ដេញ ឬបង្ខំឱ្យចាកចេញនៅឡើយទេ ផ្ទុយទៅវិញ ពួកគាត់បែរជាមក ស្នើសុំប្លង់កម្មសិទ្ធិដែលយោងតាមច្បាប់ភូមិបាល ដីចំណីផ្លូវ និងទីជម្រាលភ្នំ មិនអាចចេញប្លង់កម្មសិទ្ធិជូនបានទេ។
ទោះបីយ៉ាងណាក្តី រដ្ឋបាលខេត្តនៅតែគិតគូរ និងពិនិត្យលទ្ធភាពរកទីតាំងដីសមស្របណាមួយ ដើម្បីដោះស្រាយជូនពួក គាត់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណគ្រប់បណ្ដាសារព័ត៌មានទាំងអស់ ដែល ចូលរួមផ្សព្វផ្សាយឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ ជាក់ស្ដែង ចំពោះយន្តការដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ព័ត៌មានបន្ថែមសូមទំនាកទំនងផ្ទាល់នៅសាលា ខេត្តពោធិ៍សាត់ ឬទំនាក់ទំនងមកទូរស័ព្ទលេខ 092 72 8087 / 096 239 5020 / 097 873 8167