បែកធ្លាយមេប៉ុស្ដិ៍ព្រែកស្ដី ធ្វើសៀវភៅគ្រួសារ អោយជនជាតិវៀតណាម ជាថៅកែទឹកកក យកលុយ ៥០០ដុល្លារ! សមត្ថកិច្ច បំភ្លឺថា…!

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបជូនសាធារណជន ទៅនឹងគេហទំព័រសារព័ត៌មាន (ឥន្រ្ទីផ្លើស ញូស៍) ដែលបានចុះផ្សាយថាៈ «បែកធ្លាយមេប៉ុស្ដិ៍ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ធ្វើសៀវភៅគ្រួសារអោយជនជាតិវៀតណាមជាថៅកែទឹកកក យកលុយ ៥០០ដុល្លារ»។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងលោកអធិការ នគរបាលស្រុកកោះធំ ស្រាវជ្រាវករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

ឈ្មោះ ជា សុផន ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាមេគ្រួសារ មានមុខរបរ លក់ទឹកកក មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានប្រពន្ធឈ្មោះ យឺ ដាវ ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៨៤ មានកូនចំនួន០២នាក់ ស្រី០១នាក់។

សូមជម្រាបថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ ជា សុផន បានមកដាក់ពាក្យស្នើសុំធ្វើសៀវភៅគ្រួសារ(ក៤) នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដី ដោយមានភ្ជាប់ឯកសារជាមួយ រួមមាន៖
១-សំបុត្រញ្ជាក់កំណើតលេខ ២០៤៤ ចុះបញ្ជីសៀវភៅបញ្ជាក់កំណើតលេខ ២២/២០០៤ របស់ឈ្មោះ ជា សុផន ចុះហត្ថលេខានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤ ដោយលោកមេឃុំព្រែកស្រីឈ្មោះ គឹម ស្រេង។
២-សេចក្តីចម្លង សំបុត្រអាពាហ៍ពិពាហ៍លេខ ០២/២០២២ ចុះហត្ថលេខាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ របស់ឈ្មោះ ជា សុផន (ប្តី) និងឈ្មោះ យឺ ដាវ (ប្រពន្ធ) ដោយលោកមេឃុំព្រែកស្តីឈ្មោះ ឃុយ គា។
៣-សៀវភៅស្នាក់នៅលេខ០៤ ចុះបញ្ជីស្នាក់នៅ(ក១) ក្បាលទី៧ ទំព័រ៤៥ មានសមាជិក គ្រួសារចំនួន០៤នាក់ ចុះហត្ថលេខាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយអធិការនគរបាលស្រុកកោះធំ លោកវរសេនីយ៍ឯក ស៊ីម ឃាង។
៤-អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ លេខ០២០៥១៧១២០ (០១) ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ របស់ឈ្មោះ ជា សុផន។
៥-សំបុត្របញ្ជាក់កំណើតលេខ ៩៦៥៤ ចុះក្នុងសៀវភៅបញ្ជាក់កំណើតលេខ ១០៣/២០០៥ របស់ឈ្មោះ យឺ ដាវ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៥ ដោយលោកមេឃុំសំពៅពូន ឈ្មោះ អ៊ុក ស្រ៊ន។
៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ០២១១២៦១២៦ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ របស់ឈ្មោះ យឺ ដាវ។
៧-សំបុត្របញ្ជាក់កំណើតលេខ ៥៧ ចុះក្នុងសៀវភៅបញ្ជាក់កំណើតលេខ ០១/២០១២ របសឈ្មោះ សុផន ស្រីនុត ដោយលោកមេឃុំព្រែកស្តី ឈ្មោះ ឃុយ គា។
៨-សំបុត្របញ្ជាក់កំណើតលេខ ០០៥ ចុះក្នុងសៀវភៅបញ្ជាក់កណើតលេខ ០១/២០១២ របស់ឈ្មោះ សុផន សំណាង ដោយលោកមេឃុំព្រែកស្តី ឈ្មោះ ឃុយ គា។

ផ្អែកតាមការពិនិត្យឯកសារ បានឱ្យដឹងថា ៖ គ្រួសារលោក ជា សុផន ក្នុងការធ្វើសៀវភៅគ្រួសារ គឺមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមសេចក្តីណែនាំលេខ០០១ សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពី បែបបទ និងនីតិវិធី នៃការចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ។

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកអធិការនគរបាលស្រុកកោះធំ បានចុះហត្ថលេខាលើសៀវភៅគ្រួសារ ឱ្យឈ្មោះ ជា សុផន ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។

ក្រោយពីទទួលបានសៀវភៅគ្រួសាររួចហើយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ ជា សុផន បានហៅលោក ឃន ហ៊ន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្តី ឱ្យទៅទទួលថវិកានៅផ្ទះរបស់ខ្លួន ចំនួន ២,០០០,០០០រៀល។ លោក ឃន ហ៊ន ពិតជាបានទទួលថវិកានោះប្រាកដមែន។ ប៉ុន្តែមិនមែនជាការសូកប៉ាន់នោះទេ គឺថវិកាដែលលោក ជា សុផន ជួយឧបត្ថម្ភទៅលើការកសាងអគារស្នាក់នៅរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី តែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប និងកុំមានការភាន់ច្រឡំ។

អត្ថបទដែលជាប់ទាក់ទង
Open

Close