ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដែលបានបូជាជិវិត ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាពពីគ្រឿងញៀន!
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី ម៉ិច ឆាយភិវ័យ អាយុ ៣៤ឆ្នាំ ឋានៈ អនុប្រធានការិយាល័យផ្សព្វផ្សាយអប់រំ(ក.៩)នមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានពលីជីវិតកាលពីយប់ថ្ងៃពុធ ០៦កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។
ក្នុងឱកាសដ៏សែនសោកសង្រេងនោះ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានចាត់ទុកមរណភាពរបស់លោកវរសេនីយ៍ត្រី ប៉ិច ឆាយភីវ័យ គឺជាការបាត់បង់នូវស្វាមី និង ឳពុក ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាច ក្លាហាន ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុំខផ្ទាល់ខ្លួន រហូតបូជាអាយុ ជីវិតប្រកបដោយកិត្តិយសដើម្បីបុព្វហេតុរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន សូមសម្ដែងនូវសមានចិត្តក្រៀមក្រំបំផុតចូលរួមរំលែកមរណទុក្ខដោយក្ដីសោកស្តាយ និង សូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ឆាប់បាន យោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។