ជនជាតិចិន ចាប់ជំរិតទារប្រាក់ ពីជនជាតិចិន ដូចគ្នា ញឹកញាប់ ក្នុងខេត្តព្រះសីហនុ តែ សមត្ថកិច្ច បង្ក្រាបបានជាហូរហែរដែរ!
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទីយប់ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅវេលាម៉ោង១៤ រសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន $៣,៥០០ ទើបព្រមដោះលែង បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ និងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ រហូតដល់វេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6423 នៅបណ្តោយផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ភេទប្រុស ជនជាតិខ្មែរ នៅក្នុងរថយន្ត ព្រមទាំងរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន បន្ទាប់មក កម្លាំងជំនាញយើងបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ ៣នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅចំណុច សណ្ឋាគារ មួយកន្លែង ស្ថិតក្នុង ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦ រសៀល នៅចំណុច មុខសណ្ឋាគារ ស៊ីហ៊ូ ស្ថិតក្នុង ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្ថែមចំនួន ០៤នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ជនសង្ស័យមានចំនួន ១០នាក់ ភេទប្រុស (ជនជាតិខ្មែរ ៧នាក់ និងជនជាតិចិន ៣នាក់) ។ សម្ភារវត្ថុតាងចាប់យកបានសរុបរថយន្តចំនួន ៣គ្រឿង កាំបិតស្នៀតចំនួន ២ដើម (ខ្លី ១ដើម និង វែង ១ដើម) ពិលឆក់ចំនួន ០៤ដើម ទូរស័ព្ទដៃចំនួន ២១គ្រឿង កាតរឹងចំនួន ០៧សន្លឹក ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១កញ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ឈុត ស្លាកលេខរថយន្ត ១ផ្ទាំង ភ្នំពេញ 2AZ-8952 និងកាបូបលុយ១ ។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ និងបន្តនីតិវិធី តាមផ្លូវច្បាប់ ៕