ឆេះរថភ្លើងដឹកទំនិញលើសទម្ងន់មួយគ្រឿង នៅស្រុកថ្មគោល

បាត់ដំបង៖ រថភ្លើងក្រុមហ៊ុន Royal Rail Way ដឹកស្រូវ ៧២០ តោន សណ្តោងទូចំនួន១២ទូ បណ្តាលអោយឆេះក្បាលរថភ្លើង ហុយផ្សែងជុកទាំងកណ្តាលថ្ងៃត្រង់។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមទី២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងបង្ការ ពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ដើម្បីចុះជួយអន្តរាគមន៍ នៅទីតាំងកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖តៃកុងរថភ្លើងឈ្មោះ ឆន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

យោងតាមការស្រាវជ្រាវរបស់កម្លាំងនគរបាលជំនាញបានអោយដឹងថា៖មូលហេតុនៃការឆេះរថភ្លើងនោះគឺដោយសារក្បាលរថភ្លើងតូច ប្រឹងបើកអូសទូ កកិតចេញភ្លើង ទើបណ្តាលអោយឆេះរថភ្លើង ខូចខាតប្រហែល៥០%។

សូមបញ្ជាក់ថា៖ក្រុមបង្ការ ពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួនមួយឡាននិងបំពង់ពន្លត់អគ្គិភ័យចំនួន៨ បំពង់ទើបគ្រប់គ្រងស្ថានភាពបាននិងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕ ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close