លោកចៅក្រម ហម ម៉េងសែ ដោះលែងជនល្មើសរឿងចេញសែកស្អុយ៤ម៉ឺនដុល្លារ ដោយគ្មានសំណងទៅដើមបណ្ដឹង ១សេន ជនរងគ្រោះយល់ថា ជារឿងអយុត្តិធម៌!
(ភ្នំពេញ)៖ “វាជារឿងអយុត្តិធម៌បំផុតចំពោះរូបខ្ញុំ។ មិនគួរណាលោកចៅក្រម ហម ម៉េងសែ ដោះលែងជនល្មើសទាំងដែលខ្ញុំពុំទាន់ទទួលបានសំណងសូម្បីតែមួយសេន” នេះជាការលើកឡើងរបស់ជនរងគ្រោះឈ្មោះ ភឿន ដារ៉ា។
ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនត្រូវចោទឈ្មោះ ជា ណារឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ជនរងគ្រោះបញ្ជាក់ថា ការដោះលែងជនល្មើសឈ្មោះ ជា ណារឿន ពីសំណាក់លោកចៅក្រម ហម ម៉េងសែ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនតម្រូវឱ្យជននេះតំកល់ប្រាក់ ឬចចារប្រាក់សំណងណាមួយទៅជនរងគ្រោះឡើយ ពោលគឺសម្រេចដោះលែងឆៅៗតែម្ដង ដោយពុំគិតពីការខូចប្រយោជន៍របស់ដើមបណ្ដឹងនោះទេ។
ការដោះលែងជនល្មើសឈ្មោះ ជា ណារឿន ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ត្រូវបានជនរងគ្រោះចាត់ទុកថា ជារឿងអយុត្តិធម៌ និងកំពុងរៀបចំពាក្យបណ្ដឹងប្ដឹងលោក ហម ម៉េងសែ ជាចៅក្រមស៊ើបសួរ ទៅក្រសួងយុត្តិធម៌ដើម្បីឱ្យបើកការស៊ើបអង្កេតស្វែងរកភាពមិនប្រក្រតីនៃការដោះលែងនេះ។
សូមជម្រាបជូនថា ជនត្រូវចោទឈ្មោះ ជា ណារឿន ត្រូវបានលោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ក្រោមបទចោទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់ចំនួន ៤ម៉ឺនដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ យោងតាមមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន។
ក្រោយពីត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន មិនទាន់បានរយៈពេល ១ខែស្រួលបួលផង ស្រាប់តែលោក ហម ម៉េងសែ ជាចៅក្រមស៊ើបសួរថ្មី សម្រេចដោះលែងជនល្មើសដោយមិនតម្រូវឱ្យតំកល់ប្រាក់ ឬមានការសម្របសម្រួលណាមួយជាមួយជនរងគ្រោះឡើយ៕