ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលសង្កាត់កន្ទោក បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល។ នៅក្នុងពិធីនេះផងដែរ លោកអភិបាលខណ្ឌបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌ​កំបូល ជាពិសេស សង្កាត់ ភូមិ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយនូវក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ រហូតទទួលបានការទុកចិត្តពីប្រជាពលរដ្ឋបោះឆ្នោតគាំទ្រជាក្រុមប្រឹក្សាសង្កាត់។ ​ចំពោះការរៀបចំពិធីសម្ពោធអគារទីស្នាក់ការភូមិព្រៃបឹង​ នាឱកាសនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយនៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលបង្ហាញអំពីការយកចិត្តទុកដាក់​ខ្ពស់ពីសំណាក់​ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចំពោះការងារបម្រើ​ សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ​ដូចនេះ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ លោកអភិបាលខណ្ឌ​ក៏បានណែនាំដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខណ្ឌ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ភូមិ ត្រូវខិតខំពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវយកអស់កម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង។

អត្ថបទដែលជាប់ទាក់ទង
Open

Close