ឯកឧត្តម គួច ចំរើន ៖ មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណឯកជន និងដីសាធារណ របស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ!

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៣ ឆ្នាំ២០២២ តាមក្រុង ស្រុក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង លោកអភិបាល ក្រុង លោក លោក ស្រីចៅជាសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល អាជីវករ ព្រមទាំងសមាជិក សមាជិកានៃអង្គវេទិកាដែលបានចូលរួម នៅក្នុងបរិវេណសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងអាណត្តិទី៣ ឆ្នាំ ២០២២នេះ មានសំណួរ និងសំណូមពរសរុបចំនួន៣០ ក្នុងនោះប្រជាពលរដ្ឋលើកជាសំណួរ និងសំណូមពរ មានចំនួន ៩នាក់ និងសំបុត្រ២១ មតិភាគ ច្រើនលើកជាសំណូមពរក្នុងការកសាងពង្រីកផ្លូវ និងប្រព័ន្ធអូរប្រឡាយ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះ សីហនុ បានធ្វើការសំណេះសំណាល និងបកស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលបានលើកជាសំណូម ពរ និងកង្វល់ទាក់ទងនឹងការកសាងពង្រីកផ្លូវសាធារណៈ ប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុដើម្បីរួមគ្នាធ្វើការដោះស្រាយនូវសំណូមពរ កង្វល់ និងការពិនិត្យសំបុត្រដែលបានដាក់ចូលក្រុម ការងារវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់នាពេលនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថាកន្លងមករដ្ឋបាលក្រុង ខេត្ត បាន ធ្វើការអភិវឌ្ឍពង្រីកផ្លូវថ្នល់ ទៅតាមនិយាមការលើកគម្រោងសកម្មភាពវិនិយោគរបស់ខេត្ត។ សម្រាប់ដំណើរការអភិវឌ្ឍឆ្នាំ ២០២៣ និងផែនការគម្រោងវិនិយោគ ៣ឆ្នាំរំកិល ដែលគណៈអភិបាលក្រុង ស្រុក ខេត្តបានអនុវត្តកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្តប្រើប្រាស់ក្នុងការបើក ប្រាក់បៀវត្យជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដំណើរ ការចរន្តការងាររបស់ខេត្តក្នុងការអភិវឌ្ឍមូលដ្ឋានមានដូចជា ការងារសង្គម ការងារសុខាភិបាល និងកិច្ចគាំពារសង្គមជាដើម។ ដោយ សារ តែរយៈពេលពីរឆ្នាំកន្លងមកយើងមិនបានរៀបចំវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ ដោយសារតែវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២០-២០២១ ហើយពេល នោះ កម្ពុជាមិនទាន់បើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញ ប៉ុន្តែថ្ងៃនេះយើងចាប់ផ្តើមបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដោយសារតែកន្លងមកកញ្ចប់ថវិកា ៩០ភាគរយអភិវឌ្ឍក្នុងក្រុងព្រះសីហនុ និងគោលនយោបាយ (ស្លឹកត្នោតខ្ចប់ស្កត្នោត) ធ្វើការអភិវឌ្ឍផ្លូវក្នុងក្រុងព្រះសីហនុ ជាង ៨៤គីឡូម៉ែត្រ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប អាងប្រព្រឹទ្ធកម្មទឹកកខ្វក់ ការអភិវឌ្ឍលំហរឆ្នេរសាធារណៈ បន្ទប់ទឹកសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតការបើកវេទិការសាធារណៈនាពេលនេះ ដើម្បីចង់ឈ្វេងយល់ពីសំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ស្រុក ដើម្បីប្រមូលធាតុចូល យកមកអនុវត្តតាមបែបលទ្ធិប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងកែលម្អបំពេញបន្ថែមនូវចំណុចខ្វះ ខាតនៅពេលខាងមុខ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ បានទទួលយកសំណើរ និងសំណូមពររបស់អ្នកចូលរួមដែលបានស្មើសុំខាងលើ និងដោះស្រាយកង្វល់របស់មូលដ្ឋានដោយបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង សង្កាត់ មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋចូល រួមសិក្សារួមគ្នាគ្រប់គ្រងសោភ័ណ ភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាត បញ្ចៀសនូវកាបោះចោលសំរាមនៅតាមអូរ ប្រឡាយបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ទន្ទឹមនោះឯកឧត្តម បានបញ្ជាក់ថា រដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណឯកជន និងដីសាធារណរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ ព្រោះវាធ្វើឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្រុង ខេត្តព្រះសីហនុ របស់យើង ដែលមតិប្រតិភូអន្តរជាតិបានកោតសរ សើរវាយតម្លៃខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បម្ម មានលំហរឆ្នេរសាធារណ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ មានភ្លើងបំភ្លឺសាធារណជាដើម ក្នុងឱកាសដែលប្រតិភូអន្តរជាតិបានមកចូលរួមបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសកលលោកលើក១៦ ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះនៅលើទឹកដីខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close