ជីកស្ទើរដល់ ក្បាលប្រែត ទើបដឹងថា អត់ច្បាប់?

ខេត្ដស្វាយរៀង ៖ អាជ្ញាធរស្រុកស្វាយជ្រំ បានចុះផ្អាកសកម្មភាពក្រុមរថយន្ដដឹកដីមួយកន្លែងរបស់លោក មុី យ៉ាន់ណា ដែលជាម្ចាស់គ្រឿងចក្រកាយរណ្ដៅដី ជ្រៅហើយមិនបានទៅសុំច្បាប់និងធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវជាមួយអាជ្ញាធរស្រុក កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សកម្មភាពនោះដឹកនាំដោយលោកស្រី ជុំ ម៉ៅលក្ខិណា អភិបាលរងស្រុកស្វាយជ្រំ តំណាងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងមានការអញ្ជើញចូលរួមពីលោក គង់ សំណាង អធិការរងនៃអធិការរដ្ឋាននគរស្រុកស្វាយជ្រំ មន្ត្រីជំនាញសាលាស្រុក លោកស្រីមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ចំឡង លោកមេភូមិ និង អាជ្ញាធរពាក់ព័ន្ធ ។

លោកលោកស្រី ជុំ ម៉ៅលក្ខិណា អភិបាលរងស្រុកស្វាយជ្រំ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផ្តល់ដំណឹងមកឲ្យសាលាស្រុកថាក្រុមគ្រឿងចក្រលោក ម៉ី យ៉ាន់ណា បានការរណ្ដៅជ្រៅ លោក ហែម សារិទ្ធ អភិបាលស្រុក បានចាត់ឱ្យលោកស្រី ដឹកនាំមន្ត្រីជំនាញរបស់សាលាស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យជាក់ស្តែងឃើញថា រណ្ដៅនៅទីតាំងនេះក្រុមម្ចាស់គ្រឿងចក្របានកាយយកដីមានជម្រៅជ្រៅដោយពុំបានសុំច្បាប់ឲ្យបានត្រឹមត្រូវនោះទេដូច្នេះ លោកស្រីក៏បានហៅម្ចាស់គ្រឿងចក្រធ្វើកិច្ចសន្យា ផ្អាកសកម្មភាពកាយដីនេះជាបណ្តោះអាសន្នសិន ។

អាជ្ញាធរស្រុកសម្រេចផ្អាកការកាយដីជាបណ្តោះអាសន្ន ដោយរង់ចាំឲ្យម្ចាស់គ្រឿងចក្រទៅសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ទើបអាចអនុញ្ញាតឲ្យបន្តសកម្មភាពទៀត។ បើម្ចាស់គ្រឿងចក្រលោក មុី យ៉ាន់ណា មិនព្រមទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ និងមិនមានឯកសារស្របច្បាបនោះទេ រដ្ឋបាលស្រុក នឹងមានវិធានការតាមច្បាប់ ។

លោកស្រីអភិបាលរងស្រុកបានបញ្ជាក់ថា នាពេលចុះផ្អាកនោះ គឺពុំមានការដកហូតសម្ភារៈ ឬ គ្រឿងចក្រនោះទេពោលគឺផ្អាក់សម្មភាពកាយដីនៅរណ្តៅនោះជាបណ្តោះអាសន្នសិន ហើយឱ្យម្ចាស់គ្រឿងចក្រទៅសុំច្បាប់និងយកឯកសារពាក់ព័ន្ធចូលទៅសាលាស្រុកស្វាយជ្រំដើម្បីពិនិត្យជាក់ស្តែងសិន ទើបអាចដំណើរការបានវិញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close