ចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ នៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ នៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានស្រង់យកគំរូដូចជាបន្លែ ផ្លែឈើ មី គុយទាវ ប្រហិត គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត សាច់ក្រក….។ល។ ចំនួន ៨៥គំរូ យកមកវិភាគនៅរថយន្តពិសោធន៍របស់អគ្គនាយកដ្ឋាន(ក.ប.ប) ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយនេះ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យពីអនុលោមភាពផ្នែកបទដ្ឋាន ព័ត៌មាន និងបទប្បញ្ញាតិ្តច្បាប់ជាធរមាន នៃផលិតផលប្រើប្រាស់ ជាលទ្ធផលបានដកហូតផលិតគ្រឿងសម្អាង ឡេលាបស្បែក ពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទ ចំនួន ១,០៣០កំប៉ុង ស្មើនឹង ២៤៥គីឡូក្រាម បញ្ជូនទៅអគ្គនាយកដ្ឋាន (ក.ប.ប) ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close