ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងថា ៖ ខេត្តត្បូងឃ្មុំអស់មីន មានន័យថា ប្រទេសកម្ពុជាឈានទៅមុខមួយជំហានបន្ថែមទៀត ដែលកាន់តែកៀកជិតទៅដល់ការអស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២៥។ កម្ពុជាអស់មីន ក៏មានន័យថា៖ ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភភ័យខ្លាចអំពីការរងគ្រោះធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខរង់ចាំបង្កគ្រោះថ្នាក់ និងជាឧបសគ្គរារាំងដល់ការបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាខេត្តអស់មីនទី៦នៅទូទាំងប្រទេស បន្ទាប់ពីខេត្តស្ទឹងត្រែង, ព្រះសីហនុ, ព្រៃវែង, កែប និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដោយហេតុថាខេត្តត្បូងឃ្មុំ គឺជាខេត្តដែលមានអតីតកាលនៃការប្រយុទ្ធគ្នា និងសោកនាដកម្មនៃការស្លាប់ របួស ពិការដោយសារសង្គ្រាម ក៏ដូចជាមានដានប្រវត្តិតស៊ូរបស់ សម្តេចតេជោ ព្រមទាំងឥស្សរជនជាតិជាច្រើនរូប ដើម្បីរំដោះជាតិ និងសង្គ្រោះប្រជាពលរដ្ឋ។
ឯកឧត្តម បន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់ ហើយអ្វីៗទាំងនេះមិនមែនមានតម្លៃត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្តែងដែលបានផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការរំដោះផ្ទៃដីឱ្យក្លាយទៅជាធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។ យ៉ាងណាក៏ដោយ ទោះបីតួលេខនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែចំនួនដ៏តិចតួចដែលនៅសេសសល់ ក៏នៅជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមានសោកនាដកម្មបន្តទៅទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ ដូច្នេះ សម្រាប់ទិសដៅទៅមុខ គឺទាមទារឱ្យយើងខិតខំរួមគ្នាបន្តដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥។
ឯកឧត្តម ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា លទ្ធភាពដែលនាំឱ្យយើងអាចសម្រេចបានតាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២ យ៉ាង៖ ទី១. ការបន្តដោះមីនដែលនៅសេសសល់ តាមរយៈការចូលរួមចំណែក និងការប្តេជ្ញាចិត្តរបស់គ្រប់តួអង្គ-ដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ស្របពេលដែលបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ បានប្តេជ្ញាចិត្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ ទី២. ការបញ្ឈប់ការដាក់មីនថ្មីតាមរយៈមធ្យោបាយតែមួយគត់ គឺការរក្សាឱ្យបាននូវសន្តិភាព។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរមករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាមពីអតីតកាល។ ស្នាមញញឹមកើតមាននៅពេលដែលគ្រួសារបានរស់នៅជួបជុំគ្នា និងអាចប្រកបរបរទ្រទ្រង់ជីវភាពដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះអាជ្ញាធរមីន, ប្រតិបត្តិករជាតិ-អន្តរជាតិ និងសប្បុរសជននានា ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ដែលអស់រយៈកាល ៣០ កន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មក បានចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងពេលបច្ចុប្បន្ន។ ហើយក៏សូមយកឱកាសនេះ សម្តែងនូវការដឹងគុណចំពោះពលិកម្មរបស់អ្នកដោះមីនដ៏អង់អាចក្លាហានរបស់យើង ដែលបានយកអាយុជីវិតរបស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់ នៅក្នុងបុព្វហេតុការពារសង្រ្គោះអាយុជីវិត និងជួយរំដោះដីស្រែចម្ការរបស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈកាលកន្លងមកនេះ។