ជំនួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា៖ ការអភិវឌ្ឍនវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា មួយផ្នែកគឺទទួលបានជំនួយមកពីប្រទេសជប៉ុន ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពចាស់ទុំ និងរីកចម្រើន ដែលទំនាក់ទំនងនេះដែរ នឹងត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធំ ដែលបាននិងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេលថ្មីៗនេះ រួមមាន៖ គម្រោងស្ថាបនា និងលើកកម្ពស់ផ្លូវជាតិលេខ៥ គម្រោងពង្រីកវិសាលភាពកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI គម្រោងសិក្សារៀបចំផែនការមេភស្តុភារកម្ម ការផ្តល់ជំនួយគ្រឿងចក្រផ្សេងៗ សម្រាប់ការជួសជុលថែទាំផ្លូវថ្នល់ ជាពិសេសគ្រឿងចក្រ Stabilizer ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការជួសជុលផ្លូវថ្នល់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីពេលកន្លងទៅ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាប ឯកឧត្តមឯកអគ្គរាជទូត បន្ថែមថា៖ រូបឯកឧត្តម តែងតែចងចាំជានិច្ច នូវអនុសាសន៍ណែនាំរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo ABE ដែលបានលើកឡើងថា៖ ធ្វើកិច្ចការអ្វីមួយ ត្រូវតែធ្វើឡើងប្រកបដោយគុណភាពតាំងពីពេលចាប់ផ្តើម ជាពិសេសចំពោះកិច្ចការដែលទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែយកគោលគំនិតនេះ មកអនុវត្តលើរាល់គម្រោងការងារនានា ដែលឯកឧត្តមបានបំពេញកន្លងមក។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ ហើយ ឯកឧត្តម សូមចូលរួមអបអរយ៉ាងក្រៃលែង ចំពោះភាពជោគជ័យដ៏ធំធេង ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកាកន្លងទៅ។ ឯកឧត្តមមានបីតិសោមន្សក្នុងការមកបំពេញបេសកម្មការទូតនៅកម្ពុជា ហើយបានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សាការងារ និងជម្រាបលានាឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបថា៖ ឯកឧត្តម នៅតែបន្តចូលរួមគាំទ្រការអភិវឌ្ឍនៅកម្ពុជា បើទោះជាឯកឧត្តម មិនបានបន្តការងារនៅទីនេះក៏ដោយ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការជូនពរទៅកាន់ ឯកឧត្តម ឯកអគ្គរាជទូត ចំពោះដំណើរមាតុភូមិនិវត្ត សូមឱ្យទទួលបានសុខសុវត្ថិភាព ជាពិសេសសូមឱ្យបានជោគជ័យលើគ្រប់ភារកិច្ច ដែលឯកឧត្តមនឹងបំពេញនាពេលអនាគត៕