អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅក្នុងពិធីបុណ្យសមុទ្រជុំទី៣

ខេត្តព្រះសីហនុ​ ​ ៖ ថ្ងៃទី៩​ -១១​ ខែធ្នូ​ ឆ្នាំ២០២២​ ឆ្លៀតក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រយ៉ាងសប្បាយរីករាយ​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ជាការពញ្ញាក់អារម្មណ៍និងបន្តចូលរួមកាន់តែសកម្មលេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណផ្ទាំងរូបភាព សារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗ មាន មួក ប្រតិទិន បន្តោងសោ​ ច្បាប់​ សម្រាប់ចែកជូនដល់ពួកគាត់យកទៅផ្សព្វផ្សាយ បន្តដល់ក្រុម គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
ឯកឧត្ដម​ ចិន​ សាម៉ន​ ទីប្រឹក្សា​ក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍បានមានប្រសាសថា រាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេគឺតែងទទួលបានការគាំទ្រចូលរួមទស្សនាយ៉ាងច្រេីនកុះករ ដែលជាឱកាសសម្រាប់ក្រុមការងារយេីងឆ្លៀតផ្ញេីសារផ្តល់ចំណេះដឹងដល់ពួកគាត់បង្កេីនបានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងនាមជាដៃគូ លោក ប៊ូ​ រដ្ឋា​ នាយកសាខាមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តព្រះសីហនុ​ បានថ្លែងថា​ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជន ហេីយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមនានាមានជាអាទិ៍៖ ចូលរួមផ្សព្វផ្សាយអប់រំ បញ្ហាអនាម័យតាមសាលារៀន ការប្រលងចម្រៀងកុមារ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដេីមហេីយកន្លងមកបានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយ សម្ភារៈ បម្រេីដល់ការងារសង្គមនានា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍​ថា បុណ្យសមុទ្រ​ជុំទី៣​ ក្រោមប្រធានបទ​”ឆ្នេរនៃសន្តិភាព​ ឆ្នេរនៃក្តីសង្ឃឹម​”​នៅខេត្តព្រះសីហនុ​ រយ:ពេល៣ថ្ងៃ​( ថ្ងៃ​៩-១១​ខធ្នូ​​ ឆ្នាំ២០២២​ )មានមន្រ្តីរាជការ​ ប្រជាពលរដ្ឋ​ បានចូលរួមយ៉ាងច្រេីនអធិកអធមនិងបានចូលសិក្សាស្វែងយល់​ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ​ មិត្តភក្តិ​ សំដៅចូលរួមចំណែកកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន​ ។
ក្នុងឱកាសនោះ​ដែរ​ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត បានថ្លែងបន្ត​ ថា​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងថ្នាក់ដឹកនាំក្រសួង​ ស្ថាប័ន​ ខេត្តមួយចំនួន​ បានចូលមកទស្សនានូវស្តង់តាំងពិព័រណនេះ​ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យេីងគ្រប់រូប។
ជាមួយគ្នានេះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន​ដែលជាការងារពហុវិស័យ​ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីភាពសុខសាន្តនិងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋ ដេីម្បីអនាគតកូនចៅយេីង។
អត្ថបទដែលជាប់ទាក់ទង
Open

Close