ខេត្តព្រះសីហនុ៖ ពលរដ្ឋដែលមានផ្ទះនៅជាប់កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ)ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុស្នើសុំផ្នែកជំនាញដែលកំពុងជួសជុលផ្លូវនេះ ជួយរកវិធីស្រោចទឹក ដើម្បីកាត់បន្ថយស្ថានភាពធូលីដីដែលហុយខ្លាំងបច្ចុប្បន្ននេះ។ បើតាមអ្នកភូមិឲ្យដឹងនៅថ្ងៃទី១០ធ្នូ២០២២ថា ធូលីដីហុយខ្លាំង ពេលមានរថយន្តបើកបរឆ្លងកាត់ទៅមក ជាពិសេសរថយន្តធំៗ ហើយនៅតាមផ្ទះមួយចំនួន អ្នកភូមិបានប្រើប្រាស់កៅស៊ូតង់ ឬក្រណាត់តូច ធំ បាំងបិទ ការពារធូលីដី កាត់បន្ថយធូលីដីហុយចូលផ្ទះ ការពារសុខភាពគ្រួសារតាមដែលអាចធ្វើទៅបាន។
សុំបញ្ជាក់ថា គិតមកដល់សប្តាហ៏ទី២ខែធ្នូឆ្នាំ២០២២នេះ កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ)ក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលក្រសួងសាធារណៈការនឹងដឹកជញ្ជូនរៀបចំឲ្យក្រុមហ៊ុន ស្ថាបនាផ្លូវចាក់ដីឬគ្រួស ថ្ម ធ្វើការជួសជុលជាបណ្តោះអាសន្ននោះ បានសម្រួលដល់យានយន្តគ្រប់ប្រភេទបើកបរឆ្លងកាត់មិនសូវពិបាក នៅជួបតែបញ្ហាធូលីដីហុយខ្លាំងនារដូវរំហើយនេះ។
ជុំវិញបញ្ហានេះ មន្ត្រីជំនាញប្រាប់នៅព្រឹកថ្ងៃ១១ធ្នូ២០២២ថា អាជ្ញាធរនិងផ្នែកជំនាញផ្លូវថ្នល់ នឹងចាត់វិធានការដោះស្រាយតាមជាក់ស្តែង រហូតដល់ពេលមានការជួសជុលស្ថាបនាថ្មីជាផ្លូវការ៕
ប្រភព៖ Huy Bunheng news