មន្ត្រីថ្នាក់ក្រោម ប្តឹងប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ទៅរដ្ឋមន្ត្រីក្រសួងអប់រំ សុំឲ្យបញ្ចប់តំណែង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារកិបកេងថវិកាជាតិ
ត្បូងឃ្មុំ៖ លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
ពាក់ព័ន្ធករណីនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែធ្នូនេះយ៉ាងខ្លីថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្តទុកដាក់។
យោងតាមសំណុំឯកសារមួយចំនួនដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ មន្ត្រីអប់រំទាំងនោះ ក៏បានដាក់ពាក្យស្នើសុំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ក្រៅតែពីការរៀបរាប់ពីការដឹកនាំគ្មានតម្លាភាព និងគណនេយ្យភាព ក្នុងអង្គភាពរបស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំហើយនោះ, មន្ត្រីទាំងនោះ បានលើឡើងនូវភាពមិនប្រក្រតី លើកការកិបកេងថវិកាជាតិ ពីសំណាល់លោក អ៉ិន ពៅសម្បត្តិ ផងដែរដោយអះអាងថា ប្រធានមន្ទីររូបនេះដោយបានកាត់យកប្រាក់គ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន៩៥ នាក់ ក្នុងស្រុកមេមត់ចំនួនថវិកាជិត ៩៧លានរៀល ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន ហើយក្រោយមកបែកធ្លាយរឿងនេះ ក៏ប្រមូលលុយយកមកវិញ ឱ្យការិយាល័យគណនេយ្យ ធ្វើនីតិវិធីបង្វិលចូលរដ្ឋ តែមកទល់ពេលនេះ ថវិកាមិនទាន់បានបង្វិលនៅឡើយទេ។
មន្ត្រីអប់រំទាំងនោះបន្ថែមថា លោកប្រធានមន្ទីរបានក្លែងបន្លំឯកសារគ្រូបង្រៀនពីរពេលចំនួន១៨នាក់ ដោយសាម៉ីខ្លួនពុំបានដឹងទាល់តែសោះ នូវទឹកប្រាក់ចំនួន ២០១ លានរៀល ក្រោយបែកការថាថវិកានេះ ក៏បង្កើតពាក្យដោះសារថា បង្កើនកូតាដើម្បីកុំឲ្យក្រសួងកាត់ឆ្នាំក្រោយ ប៉ុន្តែជាតាមធម្មតាចំនួនកូតាប្រើប្រាស់ក្របខណ្ឌ គួរតែរក្សាចំនួនឆ្នាំចាស់ ឬថយជាមុន ព្រោះមានគ្រូក្របខណ្ឌចេញថ្មី មកបំពេញចន្លោះខ្វះខាត និងដើម្បីសន្សំសំចៃថវិការដ្ឋ។ បន្ថែមលើសពីនេះ បានក្លែងបន្លំឯកសារប្រាក់តំបន់ និងគ្រូជាប់ការងារបោះឆ្នោតជាច្រើនថែមទៀត ដើម្បីបង្វែរថវិកាដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។
ពួកគាត់សង្កត់ធ្ងន់ថា «លោក អ៉ិន ពៅសម្បត្តិ មិនមែនជាអ្នកពាក់ព័ន្ធទេ តែជាមេក្លោងនៃរឿងនេះតែម្ដង ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា អស់ទំនុកចិត្ត និងទទួលរងនូវភាពអាម៉ាស់ លើការដឹកនាំរបស់លោកប្រធានមន្ទីរ ជាមួយកិត្តិយសវិស័យអប់រំខេត្ត អាប់ឱន ដែលមិនអាចទៅអប់រំ ដឹកនាំការងារអប់រំ យុវជន និងកីឡាក្នុងមន្ទីរ ក៏ដូចគ្នានឹងគ្រឹះស្ថានសិក្សាបានទៀតនោះទេ»៕