ឡានទំនើប បុកគ្នាជាមួយឡាន មិនសូវទំនើប របួសធ្ងន់ស្រាលច្រើននាក់…!

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នារងការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សចំនួន ៤នាក់ រងរបួសស្រាល នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨១-៣៨២ ផ្លូវជាតិលេខ៥ ភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2AJ-2893 បើកបរដោយឈ្មោះ រ៉ែន ណារិន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានអ្នករួមដំណើរ ០២នាក់ (ស្រី) បានបើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ស្របពេលនោះក៏មានរថយន្ត ០១គ្រឿងទៀត ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-2990 បើកបរដោយឈ្មោះ អៀត សំអូន ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីកើតទៅលិច ច្រាសទិសគ្នា បានមកបុកចំពីមុខរថយន្តម៉ាក HIGHLANDER បណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង ។

នគរបាលបានបញ្ជាក់ថា ៖ មូលហេតុ បង្កឱ្យមានគ្រោះថ្នាក់គឺមកពីអ្នកបើកបររថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-2990 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយបានវេរចង្កូតចូលទៅបុករថយន្តម៉ាក HIGHLANDER ដែលបើកបរខាងស្តាំដៃរបស់គេ ។

ករណីនេះ រថយន្តខូចធ្ងន់ទាំង០២គ្រឿង និងមនុស្សចំនួន ៤នាក់ រងរបួសស្រាល នគរបាលបានយករថយន្ត០២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ក្រោយពីធ្វើការវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close