កណ្តាល៖ នៅទីបំផុត! លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដាក់ពន្ធនាគារខេត្តកណ្តាល។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាននៅមុននេះបន្តិច។
គួរជម្រាបជូនថា ក្រោយពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយចំពោះជនសង្ស័យឈ្មោះ ឈឿន សារុំ ដែលមានការជាប់ពាក់ព័ន្ធនឹងការលួចបើកលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល និងបានបញ្ជាឲ្យស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាមួយមាន់ឈ្មោល១ក្បាល។
គួររំលឹកបន្ថែមទៀតថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅចំណុចតារាងបាល់ទះរបស់ឈ្មោះ ពោច សួ ភេទប្រុស អាយុ ៤៥ឆាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់។ ប៉ុន្តែនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឈ្មោះ ពោច សួ បានជួលទៅឲ្យឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល។ ពេលកម្លាំងប៉ុស្តិ៍ចុះបង្ក្រាបនោះជនសង្ស័យបានរត់គេចខ្លួនអស់។ក្នុងនោះកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកតាមាក់ចុះស្រាវជ្រាវឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ ឈឿន សារុំ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។
តាមប្រភពផ្សេងបានបន្តថា រឿងល្បែងស៊ីសង ខុសច្បាប់ នៅស្រុកខ្សាច់កណ្តាលនេះ ហេតុអ្វី ឈ្មោះ ពោច សួ មិនមានការជាប់ពាក់ព័ន្ធ បើគេដឹងថា បុគ្គលរូបនេះ ក៏ជាប់ពាក់ព័ន្ធរឿងល្បែងស៊ីសងខុសច្បាប់ដែរ?៕