កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយចំពោះជនសង្ស័យ ឈ្មោះ សារុំ ដែលមានការជាប់ពាក់ព័ន្ធនឹងការលួចបើកលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹង លោកឧត្ដមសេនីយ៍ទោស្នងការបញ្ជាឲ្យស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយមាន់ឈ្មោល១ក្បាល។
ប្រភពបន្តថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅចំណុចតារាងបាល់ទះរបស់ឈ្មោះ ពោច សួ ភេទប្រុស អាយុ ៤៥ឆាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់។ ប៉ុន្តែនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ឈ្មោះ ពោច សួ បានជួលទៅឲ្យឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល។ ពេលកម្លាំងប៉ុស្តិ៍ចុះបង្ក្រាបនោះជនសង្ស័យបានរត់គេចខ្លួនអស់។
ក្នុងនោះកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកតាមាក់ចុះស្រាវជ្រាវឃាត់ខ្លួន ម្ចាស់ទីតាំង ឈ្មោះ ឈឿន សារុំ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។
ប្រភពផ្សេងទៀតបានខ្សឹបឲ្យដឹងថា រឿងល្បែងស៊ីសងខុសច្បាប់នៅស្រុកខ្សាច់កណ្តាលនេះ ហេតុអ្វីឈ្មោះ ពោច សួ មិនជាប់ពាក់ព័ន្ធ បើគេដឹងថា ពោច សួ ក៏មិនណយដែររឿងល្បែងស៊ីសងខុសច្បាប់នេះ៕