ខេត្តកណ្តាល ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងជំនាញស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង ០០ និង៣០នាទី លើផ្លូវជាតិលេខ៦ មុខក្លោងទ្វារវត្តឧត្តមសាមគ្គី (ហៅវត្តឈើទាល) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះចំនួន ២នាក់
ទី១-ឈ្មោះ យ៉ាត យ៉ារីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ។
ទី២-ឈ្មោះ អាត ធារិទ្ធ (ហៅពៅ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ។
អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ពុន សុវណ្ណរ៉ា ហៅចិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រីឯបក្ខពួកបានគេចខ្លួន។
សម្ភារខូចខាត ៖ ម៉ូតូចំនួន ២គ្រឿង
១.ម៉ូតូ ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ផ្លាកលេខ កណ្ដាល 1AD-6542 ០១គ្រឿង។
២.ម៉ូតូ ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AA-0337 ១គ្រឿង របស់ជនរងគ្រោះឈ្មោះ អាត ធារិទ្ធ។
វត្ថុតាងចាប់យក
១.ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-6867 ០១គ្រឿង ជារបស់ជនសង្ស័យដែលគេខ្លួន។
សមត្ថកិច្ច បញ្ជាក់ថា កន្លងមកក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះធ្លាប់មានគំនុំជាមួយគ្នា។
នៅថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្តិចំនួន៤នាក់ទៀត ប្រើមធ្យោបាយម៉ូតូចំនួន៣គ្រឿង បានមកពីមើលការប្រគុំតន្ត្រី នៅរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ។ ចំណែកក្រុមជនសង្ស័យ បានជួបជុំគ្នានៅមុខវត្តព្រែកអញ្ចាញ ហើយបានដឹងថាក្រុមជនរងគ្រោះចេញមកពីរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមកវិញ ភ្លាមនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចេញពីមុខវត្ត និងយកកាំបិតខ្វែវចំនួន០៣ដើម នាំគ្នាជិះទៅចាំផ្លូវក្រុមជនរងគ្រោះ ពេលជិះទៅដល់ចំណុចផ្លូវឆ្លងកាត់មុខក្លោងទ្វារវត្តឈើទាល កន្លែងកើតហេតុ បានជួបក្រុមជនរងគ្រោះ ភ្លាមនោះ ក្រុមជនសង្ស័យបានលើកខ្វែវដេញកាប់លើក្រុមជនរងគ្រោះ ហើយជនរងគ្រោះបានឈប់ម៉ូតូរត់គេចខ្លួន ក្នុងពេលនោះក្រុមជនសង្ស័យបានដេញកាប់ក្រុមជនរងគ្រោះ និងកាប់ម៉ូតូរបស់ជនរងគ្រោះខូចខាត់ម៉ូតូចំនួន២គ្រឿង។ក្រោយពីធ្វើសកម្មភាពហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ចំពោះជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី។
ចំណែកឯជនសង្ស័យដែលគេចខ្លួន កម្លាំងយើងកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី។