លោក ស សុខា ជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារី ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា

ខេត្តព្រៃវែង៖ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា សូមជូនពរដល់ក្មួយៗបេក្ខជន បេក្ខនារីទូទាំងប្រទេស មានសុខភាពល្អ ប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា ។

ជាមួយគ្នានេះ ក៏ស្នើដល់ក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ សូមថែរក្សាសុខភាព សម្រាកឲ្យបានគ្រប់គ្រាន់ ប្រយ័ត្នប្រយែងក្នុងការទទួលទានអាហារ និងភេសជ្ជៈផ្សេងៗ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ដូចជា ៖ រាកមួល ចុកពោះ ក្អួត ក្តៅខ្លួន ឈឺក្បាល… ក្នុងពេលប្រឡង ។

ជាមួយគ្នានេះដែរ ក្មួយៗត្រូវត្រៀមសម្ភារៈផ្សេងៗសម្រាប់បម្រើឲ្យការប្រឡង ដូចជា ៖ កាតសម្គាល់ ឯកសារបញ្ជាក់ ប៊ិចខៀវ បន្ទាត់ ខ្មៅដៃ … និងត្រូវទៅដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង ជាពិសេសបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ចៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុណាមួយ ។

នៅក្នុងពេលប្រឡង សូមក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ បង្កើននូវការប្រុងប្រយ័ត្នខ្ពស់ កុំប្រញាប់ធ្វើចម្លើយ ទាំងខ្លួនមិនទាន់យល់ពីសំណួរ ឬលំហាត់ច្បាស់ផង ។ គួរគប្បីអានសំណួរ ឬលំហាត់ឲ្យយល់ច្បាស់ ចាំអនុវត្តចម្លើយ ទើបមិនមានការថ្លោះធ្លោយ (ចម្លើយប្រាសចាកសំណួរ) និងកុំឲ្យប្រឡាក់ ឬរហែកក្រដាសកិច្ចការ ព្រមទាំងគោរពបទបញ្ជាផ្ទៃនៃការប្រឡងឲ្យបានម៉ឺងម៉ាត់បំផុត ។

ចំពោះក្មួយៗដែលមានជីវភាពខ្វះខាត រស់នៅខេត្តព្រៃវែង បាត់ដំបងនិងខេត្តបន្ទាយមានជ័យ ពេលប្រឡងជាប់ហើយ ប៉ុន្តែពុំមានលទ្ធភាពបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ អាហារូបករណ៍ ស សុខា រង់ចាំផ្តល់ជូនដល់ក្មួយៗ ១០០% ឬ ៧០% ឬ ៥០% ថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ទាំងក្នុង និងក្រៅប្រទេស ។

សូមក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ សម្រេចតាមបំណងប្រាថ្នារបស់ខ្លួន អោយស័ក្តិសមទៅនឹងការចំណាយពេលវេលា និងការខិតខំប្រឹងប្រែង តស៊ូ អំណត់ ព្យាយាមសិក្សារៀនសូត្រ អស់រយៈពេល ១២ឆ្នាំ កុំបីខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close