PM ចាប់បញ្ជូនជនសង្ស័យ​ម្នាក់ ករណី​ «ឆបោក» ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បប៉ោយប៉ែតកាលពីថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ​២០២២​បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទុយ ម៉េងលី ករណី​ «ឆបោក» ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុច​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួននេះ ធ្វើឡើងតាមសំណុំរឿងលេខ​៧៩ ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលមានដើមបណ្តឹង ឈ្មោះ​ ដួង វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនឈ្មោះ​ ទុយ ម៉េងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ពាក់ព័ន្ធករណី «ឆបោក» ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋម ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌក៏បានទទួលដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមលេខ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។​

លោកវរសេនីយ៍ត្រីបន្តថា ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសាម៉ីខ្លួនបានផ្តិតមេដៃទទួល តែពុំបានចូលមកបំភ្លឺនៅកន្លែងសមត្ថកិច្ចនោះទេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ទុយ ម៉េងលី បានមកដាក់ពាក្យសុំពន្យាពេល សាកសួរនៅមូលដា្ឋនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺជាលើកទី២ ដោយប្រពន្ធរបស់ឈ្មោះ ទុយ ម៉េងលី ជាអ្នកផ្តិតមេដៃទទួលជំនួស ប៉ុន្តែឈ្មោះ​ ទុយ ម៉េងលី ពុំបានចូលមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចនោះដែរ បន្ទាប់មកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បានធ្វើរបាយការណ៍រាយការណ៍ទៅតំណាងអយ្យការអមសាលាដំបូងខេត្ត ចំពោះឈ្មោះ ទុយ ម៉េងលី មិនគោរពតាមការកោះហៅរបស់មន្ត្រីនគរបាលយត្តិធម៌ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ ទទួលបានដីកាបញ្ជាឱ្យចូលខ្លួន លេខ​០៩ អយ.បជ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឈានដល់ការនាំខ្លួនឈ្មោះ ទុយ ម៉េងលី នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភោជនីយដ្ឋានមាតុភូមិ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា ក្រោយការឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យ​សារភាព​ថា ​«រូបខ្លួនពិតជាបានលក់ដី និងផ្ទះផ្តាច់ ទៅឱ្យឈ្មោះ​ ដួង វណ្ណា ពិតប្រាកដមែន ហើយបន្ទាប់មកទៀតរូបខ្លួនបានយកដី និងផ្ទះដដែលនោះលក់ទៅឱ្យឈ្មោះស៊ុំ វីរៈ បន្តទៀតពិតប្រាកដមែន» ។

ដោយយោងតាមពាក្យបណ្ដឹង និងផ្អែកតាមចម្លេីយសារភាព​របស់ជនសង្ស័យឈ្មោះ ទុយ ម៉េងលី ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

បើតាមលោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងទៀតថា​ បច្ចុប្បន្នជនសង្ស័យឈ្មោះ ទុយ ម៉េងលី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃសៅរ៍ ទី០៣​ ខែធ្នូ​​​ ឆ្នាំ​២០២២នេះ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close