ភ្នំពេញ៖គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានអះអាងថា ក្រោយពីអាជ្ញាធរបង្រ្កាបបានរាល់មធ្យោបាយដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ អាជ្ញាធរនឹងបំផ្លាញចោលតែម្តង។ ចំណាត់ការធ្វើឡើងដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើ ធានារក្សាបាននូវព្រៃឈើឱ្យស្ថិតនៅគង់វង្ស។
ជាក់ស្តែងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងបំផ្លាញចោលនូវរថយន្តម៉ាកសាំយ៉ុងកែច្នៃសម្រាប់ដឹកឈើខុសច្បាប់ចំនួន ២គ្រឿង ដោយបំផ្លុះម្សៅ TNT។ រថយន្តដឹកឈើទាំងពីរគ្រឿងនោះបានដឹកឈើអារគ្រឿងចំនួន ១០ម៉ែត្រត្រីគុណ ដោយអាជ្ញាធរបង្រ្កាបបានកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្លាប់បានកញ្ជាក់កន្លងមកថា មុនឈានដល់ការបំផ្លិចបំផ្លាញមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ អាជ្ញាធរក៏ធ្លាប់ប្រើធម៌ត្រជាក់ ដោយគ្រាន់តែដកហូតឈើ និងណែនាំឱ្យធ្វើកិច្ចសន្យា ហើយដោះលែងពួកគេ អស់ជាច្រើនលើកច្រើនសាផងដែរ ប៉ុន្តែពួកគេនៅតែបន្តសកម្មភាពដឹកឈើខុសច្បាប់ បើទោះបីពួកគេដឹងថានេះជាសកម្មភាពខុសច្បាប់ក៏ដោយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអះអាងថា ទោះបីអាជ្ញាធរបានណែនាំ ផ្សព្វផ្សាយ និងពន្យល់ពីច្បាប់ព្រៃឈើ និងវិធានការតឹងរ៉ឺងក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតមានក្នុងលក្ខណៈទ្រង់ទ្រាយតូចៗ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងមានទៀតហើយ នៅតែបទល្មើសតូចៗ ដែលភាគច្រើនជារូបភាពបែបដឹកឈើដោយប្រើម៉ូតូ គោយន្ត រទេះគោ និងរទេះក្របីជាដើម។
អ្នកនាំពាក្យបានបន្តថា ឈើប្រណិតៗគ្រប់ប្រភេទដែលបង្រ្កាបបានពីបទល្មើសព្រៃឈើ គឺអាជ្ញាធរបានប្រមូលរក្សាទុកដើម្បីដាក់លក់ដេញថ្លៃជាសាធារណៈ ដោយថវិកាដែលទទួលបាន រដ្ឋាភិបាលយកទៅគាំទ្រលើវិស័យអប់រំ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើដើម្បីឱ្យអាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីក្រសួងបរិស្ថានចុះទៅបង្រ្កាបបានទាន់ពេលវេលា៕