សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំ គ្មានមនុស្សស្លាប់ របួស និងជាឆ្នាំ ប្រកបដោយ ស្នាមញញឹម!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ក្នុង ផេកផ្លូវការ ថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថវិកាចំនួន 18,473,570 ដុល្លារ ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីន ត្រូវចំណាយអស់ នៅត្រឹមព្រឹកថ្ងៃ១ ធ្នូ២០២២ នេះ។
សម្តេចតេជោ បញ្ជាក់បន្ថែមថា ដើម្បីធានាថាឆ្នាំ ២០២៥ កម្ពុជា នឹងអស់គ្រាប់មីន សម្តេច បានពិភាក្សាជាមួយ ឯកឧត្តម អូន ពន្ធមុនីរ័ត្ន បញ្ចេញថវិកា សន្សំរបស់រាជរដ្ឋាភិបាល ចំនួន ៣០លានដុល្លារ ភ្លាមដាក់ទៅជាមូលនិធិ បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថវិកានេះ រួមជាមួយថវិកា ពីដៃគូរអភិវឌ្ឍ អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុង ករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង ២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បី
រៀបចំថវិកាប្រចាំឆ្នាំ។
ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវសប្បុរសជន មេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។
សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំ គ្មានមនុស្សស្លាប់ របួស និងជាឆ្នាំ ប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះ ដោយគ្រាប់មីន រយះពេល៥៥ឆ្នាំ (១៩៧០.២០២៥)៕