មិនបាន មួយចំអិនកំំពឹងផង? អាជ្ញាធរខណ្ឌដូនពេញ ចុះបិទក្លឹបកំសាន្ត MOB ក្នុងសង្កាត់បឹងរាំង បង្កសំឡេងរំខានដល់អ្នករស់នៅជិតខាង បើកវិញបាត់?

ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន ក្នុងស្រុកចុះផ្សាយព្រោងព្រាត អំពីករណីក្លឹបកំសាន្ត MOB ស្ថិតក្នុងសង្កាត់បឹងរាំងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្បែរខាងនោះរួចមកអាជ្ញាធរខណ្ឌដូនពេញបានបង្ហាញភាពខ្លាហានយកចិត្តទុកដាក់ដោះស្រាយបញ្ហាភ្លាមៗដោយបានចុះទៅបិទទីតាំងខាងលើនេះនៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា ២០២២ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺ២ ថ្ងៃក្រោយមកក្លឹបកំសាន្តមួយនេះបានបើកដំណើរការឡើងវិញដោយមិនមានការកែប្រែអ្វីបន្តិចនោះឡើយហើយអាជ្ញាធរខណ្ឌដូនពេញ ក៏មិនហ៊ានទៅក្អកគ្រហែមនៅក្បែរៗនោះទៀតដែរ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ដែលជាអ្នកបានដឹកនាំកម្លាំងទៅបង្ក្រាបទីតាំងក្លឹបកំសាន្ត ហាងផឹក ស៊ីមានជក់បារីអេឡិចត្រូនិច ខាងលើនេះ ហាក់ដូចជាបានតាំងចិត្តខ្ពស់គួរសមដែរ ក្នុងការបិទឲ្យខាងតែបានចំពោះទីតាំងមួយនេះប៉ុន្តែក្រោយការកើតចេញតែប៉ុន្មានជំហានប៉ុណ្ណោះហាងនេះក៏បើកឡើងវិញ។ យ៉ាងណា ក៏ដោយលោកអភិបាលរងខណ្ឌបានមានប្រសាសន៍ប្រាប់អោយដឹងតាមប្រព័ន្ធទំនាក់ទងតេលេក្រាមដោយមោទនភាពថា ” មិនអនុញ្ញាតឲ្យមានរបរបែបនេះទៀតទេ ” ជាមួយនឹងការប្ដេជ្ញាចិត្តថា លោកនឹងចុះទៅបិទហាងនេះ…? ប៉ុន្តែរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហាងនោះនៅតែបើកដំណើរការនៅឡើយទេ។

គួរបញ្ជាក់ថា ក្លឹបកំសាន្តMOB ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៨ ភូមិទី២សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងរំខានដល់ការរស់នៅរបស់ប្រជា ពលរដ្ឋនៅជិតខាង ជាពិសេសបណ្ដាអ្នក ស្នាក់នៅក្នុងអគារខុនដូរ លេខ២០៨ដែលនៅជិតនោះដល់ការបំពងសំឡេងខ្លាំងៗ ។ បើទោះបីជាមានបណ្ដឹងពីប្រជាពលរដ្ឋនិងអ្នករស់នៅលើខុនដូជិតនោះតាំងពីខែកញ្ញាមកក៏ ដោយ រហូតមកដល់យប់ថ្ងៃទី២៤ខែវិច្ឆិកា នេះសំឡេងរំខាននៅតែបន្តកើតមានជាដដែល។

យោងតាមពាក្យបណ្ដឹងរបស់អ្នកគ្រប់គ្រងខុនដូលេខ ២០៨ ដែលមានទីតាំងខាងលើនោះ ដាក់ជូនលោកចៅសង្កាត់បឹងរាំងនិងនាយប៉ុស្តិ៍រដ្ឋបាលបឹងរាំងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២បានឲ្យដឹងថា នាងខ្ញុំតំណាងឲ្យម្ចាស់អាគារខុនដូ២០៨អាសយដ្ឋានផ្ទះលេខ៣៦ផ្លូវលេខ២០៨សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយអគាររបស់យើងខ្ញុំទទួលរងនូវបញ្ហាសំឡេងច្រៀងកងរំពងនៅពេលយប់ដែលធ្វើឲ្យរំខានដល់ការស្នាក់នៅរបស់ភ្ញៀវយើងខ្ញុំក្នុងអាគារជាខ្លាំង។

នៅក្នុងពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ខាងលើនេះបានបញ្ជាក់ទៀតថា ” សម្រាប់បញ្ហាសំឡេងកងរំពងនេះដែរមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង ២ឬ៣ភ្លឺរំលងអាធ្រាត។ អាស្រ័យដូចបានរៀបរាប់ខាង លើនាងខ្ញុំសុំស្នើឲ្យជួយដោះស្រាយបញ្ហានេះជៀសវាងបញ្ហាអាចរីកកាន់តែធំទៅថ្ងៃមុខ “។

ចំពោះទិដ្ឋភាពជាក់ស្ដែងវិញគឺក្លឹបកំសាន្តខាងលើនេះត្រូវបានរៀបចំឡើងនៅជាន់ទីមួយក្បែរជាប់នឹងអាគារខុនដូខាងលើនេះដោយគេរៀបចំនៅលើទិវាលមួយកន្លែងប្រហែលជាផ្ទះពីរល្វែង។ ដោយសារនៅជាន់ទី១ និងជាទីវាលផង ដូច្នេះវាពិតជាមានសំឡេងរំខានខ្លាំងដល់អ្នកជិតខាង។ នៅទីនេះគឺមានយុវជនយុវនារីក្មេងៗដែលទៅកំសាន្តផឹកស៊ីស្រែកហ៊ោរសប្បាយដោយមិនអាសូរចិត្តដល់អ្នកជិតខាងនោះឡើយ។

អ្វីដែលលើសពីនេះទៀតនោះគឺនៅក្នុងក្លឹបកំសាន្តនេះបានបង្កលក្ខណៈឲ្យក្មេងៗនាំគ្នាជក់បារីអេឡិចត្រូនិចដែលច្បាប់នៃប្រទេសកម្ពុជានេះ បានហាមឃាត់នោះទៀត ផង។ ដូច្នេះបញ្ហាពីរដែលកំពុងកើតឡើងនៅលើក្លឹបកម្សាន្ត MOB នោះគឺសំឡេងរំខានដល់អ្នករស់នៅជិត ខាងនិងការអនុញ្ញាតឲ្យយុវជនយុវនារីកម្ពុជាប្រើប្រាស់បារីអីឡិចត្រូនិចដែលច្បាប់ប្រទេសនេះហាមឃាត់។

ប្រជាពលរដ្ឋនៅជិតខាងក្លឹបកំសាន្ត MOB ទទួចស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការយ៉ាងណាផ្ដល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋនៅជិតខាងនោះផង។ ការរំពឹងទៅលើអាជ្ញាធរសង្កាត់បឹងរាំង និងខណ្ឌដូន ពេញដើម្បីជួយកាត់បន្ថយសំឡេងរំខាននិងភាពអានាធិបតេយ្យនានាដែលកើតចេញពីក្លឹបកំសាន្តខាងលើនេះទំនងជាមិនបានលទ្ធផលដុំកំភួនអ្វីទេ៕

ដោយ៖ សហការី

អត្ថបទដែលជាប់ទាក់ទង
Open

Close