សម្តេចក្រឡាហោម ស ខេង ៖ តាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់រាល់ការចេញសំបុត្រឆ្លងដែនបណ្តោះអាសន្ន ឬ ឯកសារឆ្លងដែនមិនប្រក្រតី…!
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ថា ការចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន គឺជាសកម្មភាពអនុវត្តផ្ទុយនឹងមាត្រា៣នៃកិច្ច ព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដែលបានកំណត់ថា ពលរដ្ឋនៃភាគីកិច្ចព្រមព្រៀងត្រូវកាន់ ឯកសារមានសុពលភាពដូចជា «លិខិតឆ្លងដែន» និង«ប័ណ្ណព្រំដែន»ដើម្បីចេញ-ចូលទឹកដីរបស់ភាគីម្ខាង ទៀតបាន។
បន្ថែមលើនេះ មាត្រា៤នៃកិច្ចព្រមព្រៀងខាងលើ បានប្រគល់សិទ្ធិជូនអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដែលស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងខេត្តជាប់ព្រំដែន។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានធ្វើប្រតិភូកម្មអំណាចជូនអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចុះហត្ថលេខានៅលើ ប័ណ្ណព្រំដែនកម្ពុជា-ថៃ ជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមប្រការ៉១នៃប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ។ ហេតុនេះ គ្មាន បទប្បញ្ញត្តិណាមួយផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចេញសំបុត្រឆ្លងដែនបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនឡើយ។
លើមូលដ្ឋាននេះ ដើម្បីពង្រឹងរបៀបរបបការងារ និងលើកកម្ពស់ការអនុវត្តច្បាប់និងលិខិត បទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ជាពិសេសដើម្បីពង្រឹងការគ្រប់គ្រងការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថ ឱ្យមានប្រសិទ្ធភាពស្របតាមកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តកិច្ចការចាំបាច់មួយចំនួនដូចខាង ក្រោម៖
១. ណែនាំអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់រាល់ការចេញសំបុត្រឆ្លងដែនបណ្តោះអាសន្ន ឬ ឯកសារឆ្លងដែនមិនប្រក្រតី ដែលខុសពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណា- ចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីពីការឆ្លងកាត់ព្រំដែនរវាងប្រទេស ទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
២. ត្រូវជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ការធ្វើដំណើរ ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និង ការពារបាននូវប្រយោជន៍ស្របច្បាប់។ ទន្ទឹមនេះ ត្រូវធ្វើការសម្របសម្រួលដល់ការ ចេញ-ចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែននៃប្រទេស ទាំងពីរ ព្រមទាំងទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់ អនុលោមតាមស្មារតីកិច្ចប្រជុំ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
៣. ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណព្រំដែន និងជំរុញឱ្យពួកគាត់មកដាក់ពាក្យស្នើសុំប័ណ្ណព្រំដែន កម្ពុជា-ថ ដោយផ្ទាល់នៅអង្គភាពច្រកចេញ-ចូលតែមួយដែលមានទីតាំងនៅសាលាខេត្ត ឬទីតាំងផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋបាលខេត្តសាមី។
៤. ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីលទ្ធផលវឌ្ឍនភាពនៃការអនុវត្តការងារ ផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដោយបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរនានា ជូនមកក្រសួងមហាផ្ទៃជារៀងរាល់ខែ ដើម្បីមានវិធានការដោះស្រាយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។