កាកសំណល់ ឧស្សាហកម្ម ដ៏គ្រោះថ្នាក់ ត្រូវបានគេលួចដឹកទៅចាក់ចោលលើដីកម្មសិទ្ធឯកជន នៅក្រុងតាខ្មៅ សង្ស័យមានការ គប់គិតគ្នា ជាមួយប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល?
ក្រុងតាខ្មៅមិនគួរណាក្លាយទៅជាទីលានចាក់ចោលកាកសំណល់ឧស្សាហកម្ម ដែលបង្កអន្តរាយដល់បរិស្ថាននិងបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរដូច្នេះទេ។ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋល្អដែលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន យើង ដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ប្រភពដដែលបានបន្តថា ឃើញមានរថយន្តរបស់ក្រុមហ៊ុនមួយមិនដឹងថាដឹកជញ្ជូនកាកសំណល់ឧស្សាហកម្មមកពីណានោះទេ ស្រាប់តែឃើញយកមកចាក់ចោលលើដីកម្មសិទ្ធឯកជនចំនួន២ទីតាំងនៅក្រុងតាខ្មៅគឺ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់និងនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ។
ប្រភពផ្សេងទៀតបានខ្សឹបឲ្យដឹងទៀតថា ក្រុមហ៊ុនដែលលួចដឹកកាកសំណល់ឧស្សាហកម្មយកទៅចាក់ចោលលើដីកម្មសិទ្ធឯកជនរបស់ប្រជាពលរដ្ឋទាំង២ទីតាំងខាងលើ មានឈ្មោះថា ក្រុមហ៊ុន សារុំ ត្រេឌីង ខូអិលធីឌី ដែលគេសង្ស័យថា មានការគប់គិតគ្នាជាមួយ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ទើបហ៊ានធ្វើបែបនេះ ទោះបីជាដឹងថា នេះជាទង្វើផ្ទុយនឹងច្បាប់របស់ក្រសួងបរិស្ថានដែលមាន លោក សាយ សំអាល់ ជារដ្ឋមន្ត្រីគំរូគួរឲ្យគោរពក៏ដោយ។
បើតាមប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ករណីខាងលើនេះ ជាសកម្មភាពខុសច្បាប់ ក្រុមហ៊ុនដែលមានសិទ្ធប្រមូលដឹកជញ្ជូនសំណល់ឧស្សាហកម្ម តាមបណ្ដារោងចក្រ សហគ្រាស សិប្បកម្ម ត្រូវតែមានការទទួលស្គាល់ពីក្រសួងបរិស្ថាន។ រាល់ការប្រមូលដឹកជញ្ជូនសំណល់ឧស្សាហកម្មគ្រប់ប្រភេទត្រូវមានការវេចខ្ចប់ត្រឹមត្រូវ និងយកទៅដាក់នៅទីលានទុកដាក់សំណល់ដែលមានសុវត្ថិភាព គឺទីលានដែលបានទទួលស្គាល់ពីក្រសួងបរិស្ថាន។ ហើយក្រុមហ៊ុនត្រូវមានការទទួលស្គាល់ពីក្រសួងបរិស្ថាន ក្នុងប្រមូលដឹកជញ្ជូន សំណល់ឧស្សាហកម្ម មិនត្រូវដឹកសំណល់ទាំងនោះទៅចាក់ចោល លើដីស្រែចំការ ស្ទឹងបឹង អូរ ប្រឡាយ ដីកម្មសិទ្ធឯកជនឡើយ។
គួរជម្រាបជូនថា កាកសំណល់ឧស្សាហកម្មគឺជាវត្ថុធាតុដើមសំណល់វត្ថុធាតុដើមនិងធាតុផ្សេងទៀតដែលបានបាត់បង់គុណភាព។ កាកសំណល់ឧស្សាហកម្មមានច្រើនប្រភេទរួមមាន៖ ផ្នែករឹង ប្លាស្ទិច ផេះនិងស្លាយ ស្បែក កៅស៊ូ កញ្ចក់ ឈើ រោមសត្វ ក្រដាសនិងក្រដាសកាតុងធ្វើកេស សម្ភារសំណង់ វាយនភ័ណ្ឌ សំណល់អាហារ។ ហើយប្រភេទសំរាមទាំងអស់នេះបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់បរិស្ថានហើយប្រសិនបើសមាសភាពមានផ្ទុកជាតិពុលបារត និងសារធាតុគ្រោះថ្នាក់ផ្សេងទៀតនោះបញ្ហានេះនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។
កាកសំណល់ឧស្សាហកម្មជាច្រើនប្រភេទមានធាតុពុលដែលបង្កអន្តរាយដល់បរិស្ថានមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្សទៀតផង។ សមា្ភរៈបែបនេះមិនអាចប្រើឡើងវិញបានទេ៕