រឿងចម្លែក! ចាប់តាំងពី លោក ឃឹម សំភារ បានកាន់ដំណែងជា ចៅហ្វាយក្រុងតាខ្មៅ នដែលជួបប្រជុំជាមួយមន្ត្រីក្រោមឱវាទទាល់តែសោះ?
ខេត្តកណ្តាល៖ រឿងចម្លែក នៅក្រុងតាខ្មៅ ចាប់តាំងពីលោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឡើងកាន់តំណែងជាចៅហ្វាយក្រុងតាខ្មៅ ជំនួសអភិបាលក្រុងចាស់ ប្រមាណជាជិត៣ខែមកហើយ មន្ត្រីរាជការចំណុះសាលាក្រុងតាខ្មៅមិនដែលបានជួបប្រជុំជាមួយលោកចៅហ្វាយក្រុងម្ដងណាឡើយ ពោលគឺមានតែកិច្ចប្រជុំគណៈអភិបាលក្រុងឬកិច្ចប្រជុំក្រុមប្រឹក្សាក្រុងតាខ្មៅតែប៉ុណ្ណោះ ឬមួយលោកគិតថា មន្ត្រីរាជការក្រោមឱវាទមិនសំខាន់អ្វីនោះទេ ទើបលោកមិនខ្វាយខ្វល់បើកកិច្ចប្រជុំរួមដើម្បីឲ្យពួកគាត់បានស្គាល់ បានជួប បានឈ្វេងយល់ បានផ្ដល់ទទួលអនុសាសន៍ បានបញ្ចេញមតិយោបល់ផ្សេងជុំវិញចំណុចល្អ ឬបញ្ហាប្រឈមនានាក្នុងអង្គភាព។
តើលោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅថ្មីនោះពង្រឹងរបៀបរបបធ្វើការងារ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តនិរន្តរភាព និងអភិវឌ្ឍន៍ក្រុងឱ្យបានល្អប្រសើរដោយរបៀបណា? នេះជាការលើកឡើងរបស់មន្ត្រីជើងក្រោមដែលឆ្ងល់ហើយ បានខ្សឹបឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃនេះ។
គួររំលឹកថា លោក ឃឹម សំភារ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងតាខ្មៅថ្មី ជំនួសអភិបាលក្រុងចាស់ ។
គួរជម្រាបជូនថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងតាខ្មៅថ្មី លោក គង់ សោភ័ណ្ឌ បានផ្តាំផ្ញើដល់លោកអភិបាលក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅទាំងមូល ត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។
២-ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។
៣-ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
៤-បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ។
៥-បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
៦.បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយត្រូវគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។
៧-បន្តយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពនានា ដែលបានកំណត់ នៅក្នុងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ១០ ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០) ឱ្យសម្រេចបានតាមគោលដៅ សូចនាករ និងលទ្ធផលរំពឹងទុក ដែលបានកំណត់។
៨-បន្តខិតខំប្រមូលផ្តុំព័ត៌មានស្តីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំធ្វើវេទិកាសាធារណៈ ការចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
៩-បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តន៍នៃសភាពការណ៍ប្រទេសជាតិ និងទំហំការ ងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។
១០-ត្រូវធានាឱ្យបាននូវឯកភាព សាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលក្រុង ជាពិសេសរវាង ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ។
១១-ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងគ្រប់ប្រភេទ ជាពិសេសគឺ Covid-19 និងជំងឺអុតស្វា(Monkey Pox)។
១២-បន្តយកចិត្តទុកដាក់លើកកម្ពស់សោភ័ណ្ឌភាពរដ្ឋបាលក្រុង សំណល់រឹង រាវ ដោយត្រូវមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង និងអនុវត្ត៕