ថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី មិនគោរពច្បាប់ អត់ខ្លាចច្បាប់ និងមិនញញើតការផាកពិន័យនោះ ទេ
កណ្តាល៖ ថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី មិនគោរពច្បាប់ អត់ខ្លាចច្បាប់ និងមិនញញើតនឹងការផាកពិន័យរបស់អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងមន្ទីរបរិស្ថានខេត្តកណ្តាលទាល់តែសោះ បើទោះបីជាធ្លាប់ត្រូវបានផាកពិន័យចំនួន០២ដង សរុបថវិកាប្រមាណជា៩០លានរៀលរួចមកហើយក៏ដោយ។ ចាំមើលថាតើ លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល និងលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនឹងត្រូវដោះស្រាយបញ្ហាខាងលើនេះដោយរបៀបណាជាមួយប្រជាពលរដ្ឋរងគ្រោះទាំងអស់?
តាមប្រភពដែលបណ្ដាញព័ត៌មាន ទើបទទួលបានថ្មីៗនេះជាបន្តបន្ទាប់បានឲ្យដឹងថា ថៅកែរោងចក្រខាងលើ នៅតែលួចបើកដំណើរការអាជីវកម្មរបស់ខ្លួនជាធម្មតាដដែល ដោយបំពានលិខិតលេខ ០២១ សជណ.បស្ថ.កណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្ដីពីករណីបញ្ហាកែប្រែវិធានការ គ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍ ឱ្យមានប្រសិទ្ធភាពនិង លិខិតលេខ ៣៤២ ស.ជ.ណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីវកម្ម ផលិតក្រដាស របស់រោងចក្រ កំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូ អិលធី រហូតរោងចកនិងលិខិតលេខ:០៣៩បស្ថ.កណ ចុះថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ប្រាប់ទៅលោកប្រធានរោងចក្រ កំពង់ កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី ស្ដីពី ករណីបញ្ហាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍និងបានពិន័យអន្តរកាណ៍ចំនួន៦០.០០០.០០០រៀលពីបទមិនអនុវត្តតាមវិធានការ ដូចមានចែងក្នុងលិខិតលេខ០២១ សជណ.បស្ថ.កណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពីករណីបញ្ហាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍។
គួររំលឹកថាលោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលធ្លាប់ បញ្ជាក់ឲ្យ ដឹងដែរថា រោងចក្រកំពង់កន្ទួត មេនូហ្វេកធីវីង (ខេមបូឌា) ខូ អិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មិនមានឆន្ទៈក្នុងការអនុវត្តបានតាមខ្លឹមសារលិខិតលេខ ០២១ សជណ.បស្ថ.កណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពីករណីបញ្ហាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍។ មិនតែប៉ុណ្ណោះរោងចក្របានល្មើសដោយបានបើកដំណើរការផលិតកម្មឡើងវិញ ផ្ទុយនឹងខ្លឹមសារ នៃលិខិតលេខ៣៤២ ស.ជ.ណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ស្ដីពីការផ្អាកជាបណ្តោះអាសន្នសកម្មភាពអាជីវកម្ម ផលិតក្រដាសរបស់រោងចក្រកំពង់កន្ទួតមេនូហ្វេកធីវីង(ខេមបូឌា)ខូអិលធី។
គួររំលឹកបន្ថែមទៀតថា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធកិច្ចគាំពារបរិស្ថានមន្ទីរបរិស្ថានខេត្តកណ្តាលក៏ធ្លាប់បានសម្រេចដាក់ចេញនូវវិធានការមួយចំនួនផងដែរ ប៉ុន្តែវិធានការទាំងអស់នោះ ហាក់មិនមានប្រសិទ្ធភាពអ្វីជាមួយថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌីនោះទេ ពោលគឺបើកដំណើរការរាល់ថ្ងៃ មិនខ្ចីខ្វល់ខ្វាយពីច្បាប់របស់ក្រសួងបរិស្ថាន ដែលមានលោក សាយ សំអាល់ ជារដ្ឋមន្ត្រីឡើយ៕