លោក ឌី រ័ត្នខេមរុណ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ មានជំងឺប្រចាំកាយ និងពិការភាព នៅក្នុងសង្កាត់អូឬស្សីទី២!
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១២រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ រួមទាំងរទេះពិការ ជូនដល់គ្រួសារដែលមានជំងឺស្វិតដៃជើងចំនួន ៣គ្រួសារ ក្នុងភូមិ៨ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភំ្នពេញ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពី លោក ថេង ស៊ីថុល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា រួមទាំងថ្នាក់ដឹកនាំខណ្ឌទាំងមូល និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំង៣គ្រួសារ ព្រមទាំងលេីកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ក្នុងការហូបចុក ត្រូវហូបទឹកឆ្អិន អាហារអោយមានអនាម័យ ជៀសវាងការឆ្លងជំងឺអាសន្នរោគផ្សេងៗ និង ខិតខំប្រឹងប្រែងបន្តរស់នៅ ដោយកំុគិតពីការតូចចិត្តក្នុងពិការភាពបច្ចប្បន្នតែត្រូវគិតថាទោះពិការក៏នៅមានអាជ្ញាធរមូលដ្ឋាននៅចាំដោះស្រាយជីវភាពរបស់បងប្អូននៅមូលដ្ឋានជាប់ជាប្រចាំនិងត្រូវគិតថាយើងពិការតែកាយ បេះដូងនិងចិត្ត មិនពិការនោះទេ ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ជាពិសេស បងប្អូនដែលគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅតាមឃុំសង្កាត់របស់យើង ។
អំណោយមនុស្សធម៌ដែលនាំយកមកប្រគល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកសុីអុីវ ១យួរ ឃីត ១កញ្ចប់ ថវិកាចំនួន ១៥មុឺនរៀល រួមទាំង រទេះពិការ ១គ្រឿងផងដែរ ។
សរុប ទាំង៣គ្រួសារ ៤៥ម៉ឺន និង រទេះពិការ ចំនួន ៣គ្រឿងផងដែរ ។