ចប់ដោយបរិបូរណ៍ ! ព័ត៌មានចុះផ្សាយថា ទីតាំងមជ្ឈមណ្ឌលកម្សាន្ត ជៀវឈាន មានបង្កប់ល្បែងស៊ីសងខុសច្បាប់ តែអាជ្ញាធរខណ្ឌចំការមន ថាអត់!
ភ្នំពេញ ៖ ក្រោយ អង្គភាពសារព័ត៌មាន ក្នុងស្រុកច្រើន ស្ថាបន ចុះផ្សាយព្រោងព្រាតពី ទីតាំងមជ្ឈមណ្ឌលកម្សាន្ត ជៀវឈាន មានបង្កប់ល្បែងស៊ីសង ខុសច្បាប់ មិនបង្អង់យូរ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ទន្លេបាសាក់លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ មួយចំនួន បានចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្ត ជៀវឈាន ទល់មុខស្ថានទូតអូស្ត្រាលី ដែលស្ថិតនៅផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ របស់ អជ្ញាធរខណ្ឌចំការមន បញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះមកដល់ទីតាំង បានពិនិត្យឃើញថា ទីតាំងខាងលើ កំពុងធ្វើការសាងសង់ និងពុំមានសកម្មភាពលេង ល្បែងស៊ីសងខុសច្បាប់ ដូចអ្វីដែល សារព័ត៌មាន មួយចំនួនបានចុះផ្សព្វផ្សាយនោះទេ។