ទំនិញមិនមានអនុលោមភាពចំនួន ៧៧.០៨គីឡូក្រាម ត្រូវបានដកហូតបាន និងចាត់វិធានការទៅតាមច្បាប់លើម្ចាស់ទំនិញទាំងនោះ
ភ្នំពេញ៖ បុគ្គលធ្វើធុរកិច្ចគ្រប់ប្រភេទដែលធ្វើអាជីវកម្មមិនថាតូចឬធំត្រូវតែមានភាពសុចរិតក្នុងអាជីវកម្មរបស់ខ្លួនតាមរយៈលក់សេវាកម្ម និងទំនិញមានអនុលោមភាពជូនអ្នកប្រើប្រាស់ បើពុំដូច្នោះទេ នឹងរងការពិន័យពីមន្រ្តីមានសមត្ថកិច្ច។ នាថ្ងៃទី១៧,១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ខេត្តបន្ទាយមានជ័យ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង និងកំពង់ធំបានស្រាវជ្រាវរកឃើញទំនិញមិនមានអនុលោមភាពពីលើទីផ្សារបានចំនួន ៧៧.០៨គីឡូក្រាម។ ទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងពិន័យអន្តរការណ៍ចំពោះម្ចាស់ទំនិញផងដែរ។
ដោយឡែកមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានចូលរួមសហការជាមួយមន្រ្តីជំនាញរបស់ក្រុមការងារចំពោះកិច្ចបង្រ្កាបបទល្មើសអនឡាញ និងកម្មសិទ្ធិបញ្ញា ដែលដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃ្លាំងស្តុក និងចែកចាយទំនិញប្រើប្រាស់ចម្រុះ និងអាហារវេចខ្ចប់ដែលសង្ស័យមិនមានអនុលោមភាពផ្នែកបទដ្ឋានព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន រហូតឈានដល់ការឆែកឆេរនៅនឹងឃ្លាំងស្តុកដែលស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ដោយឃាត់ទុកទំនិញជាបណ្ដោះអាសន្ននៅនឹងកន្លែង និងតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺជូនមន្រ្តីជំនាញនៅអគ្គនាយកដ្ឋាន។