លោក ឆាយ សំអាង ត្រូវបានប្រកាសតែងតាំងជា នាយករដ្ឋបាលស្រុកខ្សាច់កណ្តាល

កណ្តាល៖ លោក ឆាយ សំអាង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ និងជាមន្ត្រីសាលាខណ្ឌបឹងកេងកង ត្រូវបានប្រកាសតែងតាំងជា «នាយករដ្ឋបាលស្រុកខ្សាច់កណ្តាល» និងប្រកាសតែងតាំង លោក ជា គឹមឡេង ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ និង លោក សំ សុភក្ដិ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជា « អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល» នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងលោក លោកស្រីជាច្រើនរូបទៀត។

ក្នុងពិធីនោះលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ជាមួយគ្នានោះលោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។

គួររំលឹកថា លោក ឆាយ សំអាង ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសលេខ ៥៦៥០ ប្រ.ក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ជា «នាយករដ្ឋបាលស្រុកខ្សាច់កណ្តាល»៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close