ក្លឹបកម្សាន្ត MOB ក្នុងសង្កាត់បឹងរាំង បង្កសំឡេងរំខាន ដល់អ្នករស់នៅជិតខាង! តើ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ដឹងដែរឬទេ?
ភ្នំពេញ៖ ក្លឹបកំសាន្ត MOB ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៨ ភូមិទី២សង្កាត់បឹងរាំងខណ្ឌដូនពេញកំពុងរំខានដល់ការរស់នៅរបស់ប្រជា ពលរដ្ឋនៅជិតខាង ជាពិសេសបណ្ដាអ្នកស្នាក់នៅក្នុងអាគារខុនដូលេខ២០៨ដែលនៅជិតនោះ។ បើទោះបីជាមានបណ្ដឹងពីប្រជាពលរដ្ឋនិងអ្នករស់នៅលើខុនដូជិតនោះតាំងពីខែកញ្ញាមកក៏ដោយ រហូតមកដល់យប់ថ្ងៃទី ១៦ខែវិច្ឆិកា នេះសំឡេងរំខាននៅតែបន្តកើតមានជាដដែល។
យោងតាមពាក្យបណ្ដឹងរបស់អ្នកគ្រប់គ្រងខុនដូលេខ ២០៨ ដែលមានទីតាំងខាងលើនោះ ដាក់ជូនលោកចៅសង្កាត់បឹងរាំង និងនាយប៉ុស្តិ៍រដ្ឋបាលបឹងរាំង កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២បានឲ្យដឹងថា នាងខ្ញុំតំណាងឲ្យម្ចាស់អាគារខុនដូ២០៨ អាសយដ្ឋានផ្ទះលេខ៣៦ ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយអគាររបស់យើងខ្ញុំទទួលរងនូវបញ្ហាសំឡេងច្រៀងកងរំពងនៅពេលយប់ដែលធ្វើឲ្យរំខានដល់ការស្នាក់នៅរបស់ភ្ញៀវយើងខ្ញុំក្នុងអាគារជាខ្លាំង។
នៅក្នុងពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ខាងលើនេះបានបញ្ជាក់ទៀតថា “សម្រាប់បញ្ហាសំឡេងកងរំពងនេះដែរមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង ២ឬ៣ភ្លឺរំលងអាធ្រាត។ អាស្រ័យដូចបានរៀបរាប់ខាង លើនាងខ្ញុំសុំស្នើឲ្យជួយដោះស្រាយបញ្ហានេះជៀសវាងបញ្ហាអាចរីកកាន់តែធំទៅថ្ងៃមុខ”។
ចំពោះទិដ្ឋភាពជាក់ស្ដែងវិញគឺក្លឹបកំសាន្តខាងលើនេះត្រូវបានរៀបចំឡើងនៅជាន់ទីមួយក្បែរជាប់នឹងអាគារខុនដូខាងលើនេះដោយគេរៀបចំនៅលើទិវាលមួយកន្លែងប្រហែលជាផ្ទះពីរល្វែង។ ដោយសារនៅជាន់ទី១ និងជាទីវាលផង ដូច្នេះវាពិតជាមានសំឡេងរំខានខ្លាំងដល់អ្នកជិតខាង។ នៅទីនេះគឺមានយុវជនយុវនារីក្មេងៗដែលទៅកំសាន្តផឹកស៊ីស្រែកហ៊ោរសប្បាយដោយមិនអាសូរចិត្តដល់អ្នកជិតខាងនោះឡើយ។
អ្វីដែលលើសពីនេះទៀតនោះគឺនៅក្នុងក្លឹបកំសាន្តនេះបានបង្កលក្ខណៈឲ្យក្មេងៗនាំគ្នាជក់បារីស៊ីហ្សារដែលច្បាប់នៃប្រទេសកម្ពុជានេះបានហាមឃាត់នោះទៀត ផង។ ដូច្នេះបញ្ហាពីរដែលកំពុងកើតឡើងនៅលើក្លឹបកម្សាន្តMOBនោះគឺសំឡេងរំខានដល់អ្នករស់នៅជិត ខាងនិងការអនុញ្ញាតឲ្យយុវជនយុវនារីកម្ពុជាប្រើប្រាស់បារីស៊ីហ្សាដែលច្បាប់ប្រទេសនេះហាមឃាត់។
ជាមួយអង្គភាពសារព័ត៌មាន នៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២នេះ លោកប៊ុន ប្រុស មេប៉ុស្តិ៍បឹងរាំង ប្រាប់ថា ករណីនេះ លោកបានទំនាក់ទំនងទៅម្ចាស់សណ្ឋាគាររួចហើយ លោកមេប៉ុស្តិ៍បន្តថាលោកជាប់ប្រជុំហើយក៏ចុចបិតទូរស័ព្ទ។
ដោយឡែកលោកចៅសង្កាត់បឹងរាំង អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃដដែលដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល៕
ដោយ៖ សីហា