រួមគំនិតគ្នាលួចលុយធនាគារ ៨លានដុល្លារ តុលាការ ផ្តន្ទាទោស អតីតបុគ្គលិក ធនាគារកាណាឌីយ៉ា និងគូកន៧នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២ឆ្នាំ និង៦ខែ ..!
ភ្នំពេញ៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងរបស់ជនជាប់ចោទប្រុស-ស្រីចំនួន ៧នាក់ ដែលជាអតីតមន្ត្រីធនាគារកាណាឌីយ៉ា និងខ្លះជាមន្ត្រីរាជការ ដោយបានសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ២ឆ្នាំ និង៦ខែ ពីបទ: រំលោភលើទំនុកចិត្តដោយអភិបាល ឬ បុគ្គលផ្សេងទៀត និងសមគំនិត យោងតាមបញ្ញត្តិមាត្រា ២៩ និង ៣៩៣ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមដែលបានប្រកាសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកចៅក្រម ហុក ពៅ ក៏បានបង្គាប់ឱ្យ ជនជាប់ចោទទាំង៧នាក់ ត្រូវរួមគ្នាសងលុយចំនួន ៨លានដុល្លារអាមេរិក អោយទៅ អ្នកតំណាង នៃធនាគារកាណាឌីយ៉ា ដែលជាភាគីដើមបណ្ដឹងវិញ ព្រមទាំងត្រូវសងជម្ងឺចិត្តក្នុងម្នាក់ៗ ចំនួន ៣០ លានរៀលផងដែរ។
ចុងបញ្ចប់នៃសាលក្រមដដែលនេះ លោកចៅក្រម បានប្រកាសទុកសិទ្ធ ឱ្យជាប់ចោទ ទងអស់ មានសិទ្ធិប្តឹងជំទាស់ នូវសេចក្តីសម្រេចនេះ ទៅកាន់សាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់។
បើយោងតាមឯកសារក្នុងសំណុំរឿងនេះបានឱ្យដឹងថា: ជនជាប់ចោទទាំង៧នាក់ខាងលើនេះ មានឈ្មោះ: ថោង សុឆាយ ,ស៊ុ ហៀង ,ចាន់ ស៊ីមន្តា, ទៀង វឌ្ឍននារីរតន៍ , សំ សុវណ្ណាចរិយា, សាធ រចនា , និង ឈ្មោះ នុត បញ្ញសុជាតា។
ពួកគេទាំង៧នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទ: រំលោភលើទំនុកចិត្តដោយអភិបាល ឬ បុគ្គលផ្សេងទៀត និងសមគំនិត តាមបញ្ញត្តិមាត្រា ២៩ និង ៣៩៣ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងឆ្នាំ ២០២០៕