ភ្នំពេញ៖ មន្ត្រីជំនាញទទួលបន្ទុកផ្នែកសំរាម បំរើការងារនៅ សាលាខណ្ឌពោធិ៍សែនជ័យម្នាក់ រៀបរាប់ ត្អួញត្អែ ប្រាប់អ្នកសារព័ត៌មានយើង នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ២០២២ នេះថា ធុងសំរាម របស់ ក្រុម មីសូដា Mizuda ដែលបានដាក់តាមកំណាត់ផ្លូវសំខាន់ៗដូចជា៖ វិថី ឈ្នះ ឈ្នះ វិថីចោមចៅ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ត្រូវជនមិនស្គាល់មុខ លួចដោះកង់យកដែក សល់តែសំបកធុង ខ្លះលួចទាំងកង់ និងបានលួចយកទាំងធុងសំរាម មួយចំនួនទៀតផង។
មន្ត្រីជំនាញ ខាងលើបន្តថា ទង្វើដែលជនមិនស្គាល់មុខ ប្រព្រឹត្តិខាងលើ បង្កការលំបាកយ៉ាងខ្លាំង ដល់កម្មករ ប្រមូលសំរាម អោយរួម ពិបាកអូសធុងទៅចាក់ក្នុងរថយន្តសំរាមតែម្តង។ លោក ក៍សំណូមពរដល់សមត្ថកិច្ចមូលដ្ឋាន មេត្តាជួយដាក់កម្លាំងក្បាត ទប់ស្កាត់ ជាពិសេស ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យខាងលើផង។
គួររំលឹកផងដែរថាកាល លោក ហែម ដារិទ្ធិ នៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ បានសង្កត់ធ្ងន់ៗថា បើទីតាំងអេតចាយណា ហ៊ាន ទិញរបស់របរ ពាក់ព័ន្ធនឹងការប្រមូលសំរាម ក្នុងមូលដ្ឋានខណ្ឌ គឺចាប់ដាក់គុក បិទអាជ្ញាប័ណ្ណលែងអោយរកស៊ីរហូតតែម្តង។