ភ្នំពេញ៖ លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា ការផ្លាស់ប្តូរនេះធ្វើឡើងតាមការ ស្នើសុំរបស់ លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ។
សម្តេចក្រឡាហោម ស ខេង បាន បញ្ជាក់ដូច្នេះ «ឯកឧត្តម ជាវ តាយ លោកអត់មានកំហុសអីទេ ប៉ុន្តែត្រូវការពេលវេលាសម្រាកព្យាបាល។
ខ្លួនគាត់ និងគ្រួសារគាត់ចង់បានអីចឹង ហើយយើង គោរពតាមសំណើ និងសំណូមពររបស់គាត់»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា សម្តេចនឹងអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងអភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថា លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ហើយបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។
ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ៕