លោក ហែម ដារិទ្ធិ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុអញ្ជើញទៅពិនិត្យ និង ចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា!
ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ សម្តែងការអបអរសាទរចំពោះ មោទកនភាព របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ដែលទើបធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយបានទទួលស្វាគមន៍នូវការអញ្ជើញមកដល់របស់មេដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាដៃគូក្នុងតំបន់ និងបណ្តាប្រទេសមហាអំណាចលើសាកលលោក ហើយកិច្ចប្រជុំកំពូលទាំងអស់ ក៏បាន ដំណើរការទៅប្រកបដោយ សន្តិសុខ សុខសុវត្ថិភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។
សូមជម្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០២២ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក លោកស្រី អភិបាលរងខណ្ឌ លោកចៅសង្កាត់ មន្ត្រីរាជការខណ្ឌ និងសង្កាត់ជាច្រើន រូប បានចូលរួម បើកការដ្ឋានដាក់លូមូល រំដោះទឹក និងចាក់បេតុង ប្រវែង៤៧០ម៉ែត្រ ក្នុងសង្កត់បឹងទំពន់ទី២។
លោក ហែម ដារិទ្ធិ គូសបញ្ជាក់ថា ផ្លូវ គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តី សង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញបាននូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស បានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលាផងដែរ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងប្រព័ន្ធហេដ្ឋារចនា សម័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម មានការរីចម្រើនជាបន្តបន្ទាប់។
លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការជួសជុលស្ថាបនាដាក់លូផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
លោកអភិបាលខណ្ឌ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុអញ្ជើញទៅពិនិត្យ និង ចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា។
លោក ហែម ដារិទ្ធិ បន្តក្រើនរំលឹកថា ទោះបើកម្ពុជា បានធូរស្រាលពី បញ្ហា កូវីដ១៩ ក៍ដោយ សូមកុំទាន់អាលភ្លេច ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
«៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ
និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ១ខ្សែរនេះ បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខណ្ឌ គ្រប់ជាន់ថ្នាក់ ជាពិសេស លោក ហែម ដារិទ្ធិ ដែលទើបតែមកកាន់តំណែងសោះ តែលោកបានគិតគូ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ឆ្លើយតបតាម សំណើរ និងសំណូមពរ ទាន់ពេលវេលាទៀតផង។