បែកធ្លាយលិខិត សម្ដេចក្រឡាហោម ស ខេង ស្នើសុំទៅនាយករដ្ឋមន្ត្រីកម្ពុជាតែងតាំង លោក ខូយ ដារី ជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាយ
បែកធ្លាយលិខិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតាំង លោក ខូយ ដារី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាយ។ នេះបើយោងតាមលិខិតចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មានយើង ទើបទទួលបាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
នៅក្នុងលិខិត សម្ដេចក្រឡាហោម ស ខេង បានគោរពជម្រាបគោរពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក ខ្ញុំសូមគោរពស្នើសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតែងតាំងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដូចមានរាយនាមខាងក្រោម៖
១-គោរពស្នើសុំតែងតាំងមុខតំណែងឯកឧត្តម ជាវ តាយ ជារដ្ឋ លេខាធិការនៃក្រសួងមហាផ្ទៃ។
២-គោរពស្នើសុំតែងតាំងឯកឧត្តម ខូច រីដា អភិបាលរងខេត្តបាត់ដំបងឋានន្តរស័ក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ។
គូរបញ្ជាក់ផងដែរថា នៅក្នុងលិខិតខាងលើនេះ ក៏បានឃើញចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។
គួររំលឹកថា លោក ខូយ រីដា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕