ច្បាស់ការហើយ! ស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ពិតជា ពាក់ព័ន្ធនឹងការ មិនបើកប្រាក់ ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ មែន !

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជនថា អ.ប.ព. ពិតជាបានទទួលជន សង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការ ចុះផ្សាយរបស់សារព័ត៌មាននានា។

អ.ប.ព. សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

អ.ប.ព. សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ ឯកឧត្តមអភិបាល ន គណៈអភិបាលខេត្តកណ្តាល ឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយ ជាបន្ទាន់។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close