លោក ហែម ដារិទ្ធិ ៖ ផ្លូវ គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ! «មានផ្លូវ គឺមានក្តីសង្ឃឹម!»

ភ្នំពេញ៖ ដោយមានការសំណូមពរ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតប ទៅនិងតម្រូវការចាំបាច់ផ្ទាល់ប្រចាំថ្ងៃ ជាពិសេស បណ្តាញផ្លូវគមនាគមន៍ ដែលជាចរន្តសេដ្ឋកិច្ច ដ៏សំខាន់របស់ប្រជាពលរដ្ឋ ទើប រដ្ឋបាលខណ្ឌមានជ័យ ក្រោមការដឹកនាំដោយ លោក ហែម ដារិទ្ធិ ជា អភិបាលខណ្ឌ បានសម្រេចជួលជុសផ្លូវបេតុងគ្មានសរសៃដែក ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២ ប្រវែង១០០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត និងដាក់លូមូលរំដោះទឹកប្រវែង ២០០ម៉ែត្រ មុខកាត់១ម៉ែត្រ ស្ថិតនៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ៨រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ១៦ ខែ វិច្ឆិកា ឆ្នាំ២០២២។

លោក ហែម ដារិទ្ធិ គូសបញ្ជាក់ថា ផ្លូវ គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តី សង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញបាននូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស បានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលាផងដែរ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងប្រព័ន្ធហេដ្ឋារចនា សម័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម មានការរីចម្រើនជាបន្តបន្ទាប់។

ឆ្លៀយក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ សម្តែងការអបអរសាទរចំពោះ មោទកនភាព របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ដែលទើបបានធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយបានទទួលស្វាគមន៍នូវការអញ្ជើញមកដល់របស់មេដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាដៃគូក្នុងតំបន់ និងបណ្តាប្រទេសមហាអំណាចលើសាកលលោក ហើយកិច្ចប្រជុំកំពូលទាំងអស់ ក៏បានដំណើរការទៅប្រកបដោយ សន្តិសុខ សុខសុវត្ថិភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។

លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការជួសជុលស្ថាបនាដាក់លូផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ១ខ្សែរនេះ បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខណ្ឌ គ្រប់ជាន់ថ្នាក់ ជាពិសេស លោក ហែម ដារិទ្ធិ ដែលទើបតែមកកាន់តំណែងសោះ តែលោកបានគិតគូ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ឆ្លើយតបតាម សំណើរ និងសំណូមពរ ទាន់ពេលវេលាទៀតផង។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close