ភ្នំពេញ ៖ ចិញ្ចើមផ្លូវ៥០ម៉ែត្រ ចាប់ពីផ្លូវបំបែកវត្តហារ រហូតមកដល់ចំណុចស្តុបបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ចិញ្ចើមផ្លូវ ក្លាយជាទីលានឈប់ចតរថយន្តតូចធំ ដាក់តាំងនឹងស្តុកអេតចាយ ទឹកដក់ ធំក្លិនស្អុយអាសោច យ៉ាងអណាធិប្បតេយ្យ ធ្វើអោយផ្លូវរួមតូចអាច ប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ តែអាជ្ញាធរខណ្ឌដង្កោ ក្រោមការដឹកនាំ របស់លោកស្រី គឹម ញឹប ហាក់មើលមិនទាន់ឃើញ។
ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់បានលើងឡើងថា កំណាត់៥០ម៉ែត្រ នេះបន្ទាប់ពី សាលារាជធានីភ្នំពេញ បានខិតខំស្ថាបនារួចរាល់ហើយ ធ្វើសួន ដាំកូនឈើលំអរទ្រូងផ្លូវបានល្អស្អាត តែបែរជាត្រូវគេរំលោភយកចិញ្ចើមផ្លូវសាធារណៈ សម្រាប់ផ្ទេរអេតចាយ នឹងស្តុកអេតចាយយ៉ាងអណាធិប្បតេយ្យទៅវិញ ធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន បាត់បង់សោភ័ណភាពតាមដង ជាពិសេសពេលធ្វើដំណើរឆ្លងកាត់ ធំក្លិនស្អុយ ក្រលេកមើលតាមចិញ្ចើមផ្លូវឃើញថងផ្លាស់ស្ទិច សំបកដប និងបាវច្រកអេតចាយ គរតាមចិញ្ចើមផ្លូវសព្រោងព្រាតទៅវិញ។
តាមប្រភពពីប្រជាពលរដ្ឋរសនៅតាមដងផ្លូវបានអោយដឹងថា កន្លងមកធ្លាប់ឃើញអាជ្ញាធរ ចុះមកពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវដែរតែប្រៀបបានដូចជាវែកចកអីចឹង ដេញពេលព្រឹក ដាក់ពេលល្ងាចព្រោងព្រាតឡើងវិញជាដដែលៗ ហើយជាងនេះ ទៅទៀតនោះរថយន្តតូចធំ ឈប់ចតដាក់ពាសពេញចិញ្ចើមផ្លូវ ជាពិសេសរថយន្តស៊ិនទ្រីឈប់ចតលក់អេតចាយហូរទឹកកង្វក់ពេញផ្លូវធំក្លិនស្អុយដកដង្ហើមមិនចង់រួចនោះទេ។
មតិមហាជន និងប្រជាពលពលរដ្ឋក្បែរនោះទទូចស្នើសូម ដល់លោក ស្រី គឹម ញឹប អភិបាល នៃគណខណ្ឌដង្កោ មេត្តាជួយពិនិត្យ និងចាត់វិធានការ យ៉ាងណា អោយតាមដងផ្លូវ ៥០ម៉ែត្រ ត្រង់ចំណុចខាងលើនេះផងដើម្បី បរិស្ថានស្អាត សោភ័ណភាពទីក្រុងស្អាត បញ្ជៀសការកកស្ទះចរារណ៍ នឹងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ។