កណ្តាល៖ បងប្អូនប្រជាពលរដ្ឋ ហួសចិត្តនឹង លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង មិនដែលឃើញ ចុះទៅមើល ផ្លូវលំមួយខ្សែកំពុងរងការខូចខាតយ៉ាងដំណំ នៅខាងក្រោយវត្តពាមប្រជុំ ក្នុងឃុំព្រែកអំបិល ធ្វើឲ្យពួកគាត់ មានការមិនសប្បាយ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់ដកតំណែង អភិបាលក្រុងតាខ្មៅ ចោលម្នាក់ ព្រោះរឿងអត់ចុះមើលផ្លូវនេះ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានប្រាប់ឲ្យភ្នាក់ងារព័ត៌មាន យើង ដឹងថា ផ្លូវដែលបណ្តាលឱ្យខូចផ្លូវគឺដោយសារកត្តាមនុស្ស ការអនុវត្ត ការមិនអើពើ មិនយកចិត្តទុកដាក់របស់ក្រុមមន្ត្រីមូលដ្ឋាន ជាពិសេសមន្ត្រីសាលាស្រុកស្អាងនិងភូិមឃុំនេះតែម្ដង មិនដែលចុះតាមមូលដ្ឋានឲ្យគ្រប់ច្រកល្ហក ដើម្បីដឹងពីទុក្ខលំបាករបស់ប្រជាជនក្នុងមូលដ្ឋានយ៉ាងម៉េចនោះទេ ឃើញតែថតរូបផ្លូវបេតុងស្អាតៗ នៅភូមិលើៗ បង្ហោះអួតថ្នាក់ដឹកនាំ និងមហាជន ប៉ុន្តែបើនៅតាមភូមិមួយចំនួន ជាពិសេស ចុងភូមិបន្តិច គឺថាផ្លូវ មានសភាពពិបាកធ្វើដំណើរខ្លាំងណាស់ ខែវស្សារអិលដួលប្រេងម៉ាស៊ីន ខែប្រាំងហុយងងឹតមេឃ។
តាមប្រភពផ្សេងទៀតឲ្យដឹងថា លើកស្លាកនឹងមានមើលផ្លូវអត់ នៅឃុំព្រែកអំបិល នៅខាងក្រោយវត្តពាមប្រជុំ។ ការលើកឡើងយ៉ាងដូច្នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីឃើញ ពាក្យស្លោក របស់ មន្ទីរបរិស្ថានខេត្តកណ្តាល ដែលសរសេរថា ស្អាងយើងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា។
គួររំលឹកថា លោក ជឺ គីមហៃ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំង ឲ្យកាន់តំណែងជាអភិបាលស្រុកស្អាង និងបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកស្អាង ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងលោក ទី សុគន្ធ អនុប្រធានក្រុមការងារថ្នាក់ខេត្ត តំណាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ២០២២។
គួររំលឹកបន្ថែមថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត, អភិបាលខណ្ឌ, អភិបាលក្រុង, អភិបាលស្រុក ត្រូវចុះមើលផ្លូវ។ សម្ដេចបន្តថា ថ្ងៃមុន ដកអភិបាលក្រុងតាខ្មៅដោយសារការមិនមើលផ្លូវ៕