បែកធ្លាយសារសម្លេងឆ្លើយឆ្លងភ្នាល់ចាក់តាម Messenger Facebook ក្រៅពីមានភ្នាល់ចាក់ផ្ទាល់នៅភូមិសាមគ្គី….!
ភ្នំពេញ៖ បែកធ្លាយសារសម្លេងឆាតឆ្លើយឆ្លងគ្នារាល់ថ្ងៃ ដើម្បីសម្ងំបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតយួនល្មើសច្បាប់យ៉ាងគគ្លើន ដែលមានគេស្គាល់យ៉ាងច្បាស់ថា រវាងមេឆ្នោតដុះស្លែជាយូរឆ្នាំ និងអ្នកញៀនល្បែងតាមប្រព័ន្ធអេឡិចត្រូនិច Messenger Facebook ក្រៅពីប្រព្រឹត្តតាម Telegram និងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀត ស្ថិតនៅចំណុចផ្ទះមួយកន្លែងជាប់ផ្សារភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា សម្រាប់សារសម្លេង ដែលបែកធ្លាយឆាតឆ្លើយឆ្លងរាល់ថ្ងៃ ដើម្បីសង្ងំបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតយួនល្មើសច្បាប់ ក្រៅពីមានអ្នកទៅចាក់ដល់ទីតាំងផ្ទាល់ និងអ្នកបញ្ជាចាក់តាមប្រព័ន្ធអេឡិចត្រូនិច Messenger Facebook នេះដែរមានឈ្មោះ ពៅ និងឈ្មោះ សាមី (ពីរនាក់ប្ដីប្រពន្ធជាមេឆ្នោតយួនដុះស្លែយូរឆ្នាំ) និងសង្ស័យជាជនបរទេសផងដែរ ដោយសារនិយាយខ្មែរមិនសូវច្បាស់ ស្នាក់នៅភូមិ-សង្កាត់ខាងលើ។
ប្រជាពលរដ្ឋ និងមហាជនមួយចំនួនទៀតបានចាត់ទុកថា សារសម្លេង ដែលបែកធ្លាយតាមឆាតឆ្លើយឆ្លងរាល់ថ្ងៃ ដើម្បីសង្ងំបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតយួនល្មើសច្បាប់តាមប្រព័ន្ធអេឡិចត្រូនិច Messenger Facebook នេះគឺជាវត្ថុតាងបញ្ជាក់យ៉ាងច្បាស់ក្រឡែតអំពីការប្រព្រឹត្តបទល្មើស ដែលជាការជូនដំណឹងសម្រាប់ផ្ដល់នូវភាពងាយស្រួលក្នុងការស្រាវជ្រាវបង្ក្រាបឲ្យចំគោលដៅ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ជាធរមាន នៃការប្រព្រឹត្តបទល្មើស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណា ដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឲ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។
សូមជម្រាបថា សម្រាប់បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ ដែលត្រូវបានគេស្គាល់គ្រប់ថា ជាមេឆ្នោតយួនដុះស្លែ ឈ្មោះ ពៅ និងឈ្មោះ សាមី កាលពីប៉ុន្មានឆ្នាំមុននេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវលបឆ្មក់បង្ក្រាប និងឃាត់ខ្លួនម្ដងរួចមកហើយដែរ ពីបទបើកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ ក្នុងការរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។
ជុំវិញករណីខាងលើ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ ប្រាប់ព័ត៌មាន យើងតាមតេឡេក្រាម នៅព្រឹកថ្ងៃទី១៥វិច្ឆិកា ២០២២ នេះថា អោយតែប្រាប់ចំៗគោលដៅ គឺចាប់។
លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាត់ឱ្យកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ ចុះស្រាវជ្រាវទីតាំងបង្កប់ល្បែងភ្នាល់ឆ្នោតវៀតណាមមួយកន្លែង ជាប់ផ្សារភូមិសាមគ្គី សង្កាត់ឫស្សីកែវ បន្ទាប់ពីទទួលបានព័ត៌មាន។
វិធានការភ្លាមៗរបស់លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីលោកអធិការនគរបាលខណ្ឌ បានទទួលសេចក្ដីរាយការណ៍ភ្លាមៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថាមានករណីបើកល្បែងស៉ីសង និងសង្ងំលួចបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតវៀតណាម ល្មើសច្បាប់យ៉ាងគគ្លើន។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារេត រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍របស់លោកដឹកនាំដោយវរសេនីយ៍ត្រី តូច គឹមសុង បាននិងកំពុងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានស្រាវជ្រាវកំណត់ពីទីតាំង និងពេលវេលា ពិសេសមុខសញ្ញា នៃការប្រព្រឹត្តបទល្មើសឱ្យបានច្បាស់ (ទាំងផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិច) ដើម្បីឈានទៅបង្ក្រាបឱ្យបានដាច់ខាតនូវរាល់ការលបលួបបើកប្រព្រឹត្តល្បែងភ្នាល់ (ឆ្នោតវៀតណាម) ឬប្រភេទល្បែងភ្នាល់ផ្សេងៗមួយចំនួនទៀត បន្ទាប់ពីប្រើវិធានការជុំនាញ និងពិនិត្យពីស្ថានភាពជាក់ស្ដែងដល់ទីតាំង ដូចដែលបានចេញផ្សាយតាមរយៈសារព័ត៌មានមួយចំនួន រកពុំឃើញមានវត្ថុតាងជាក់លាក់ ឬសកម្មភាពអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធបទល្មើសសម្រាប់ដាក់បន្ទុកឡើយ៕