រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបមក លោក លោកស្រីម្ចាស់ក្រុមហ៊ុនសាងសង់ និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ ជ្រាបថាដើម្បីចូលរួមរៀបចំទទួលគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និង កិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២នាពេលខាងមុខនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីម្ចាស់ ក្រុមហ៊ុនសាងសង់-ម្ចាស់ការដ្ឋាន សំណង់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងដំណើរការដ្ឋានសាងសង់ និងជួសជុលសំណង់ផ្សេងៗនៅតាមដង ផ្លូវលេខ១១០ (សហព័ន្ធរុស្ស៊ី) ផ្លូវលេខ២០០៤, ផ្លូវលេខ២០១១ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ (តំបន់ជុំវិញអាកាសយានដា្ឋន អន្តរជាតិភ្នំពេញ)ខណ្ឌពោធិ៍សែនជ័យ ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមក្នុងការរក្សាការពារបាននូវសន្តិសុខ សណ្តាប់ ធ្នាប់ និងរបៀបរៀបរយក្នុងការទទួលគណៈប្រតិភូ និងចូលរួមថែរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមដងផ្លូវខាងលើនោះ ជាពិសេសលោក លោកស្រីម្ចាស់ក្រុមហ៊ុនម្ចាស់ការដ្ឋានសំណង់ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលកំពុងដំណើរការដ្ឋានសាងសង់ និងជួសជុលសំណង់ផ្សេងៗ នៅជាប់នឹងផ្លូវដែលគណៈប្រតិភូឆ្លងកាត់ នោះ រដ្ឋបាលខណ្ឌស្នើសុំឱ្យលោក លោកស្រី មានការយោគយល់ និងចូលរួមទាំងអស់គ្នាក្នុងការរក្សាការពារសុខសុវត្ថិ ភាពជូនគណៈប្រតិភូ ក៏ដូចជាការលើកស្ទួយកិត្តិយសរបស់ប្រទេសជាតិយើងផង ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ផ្អាកការដ្ឋានសាងសង់របស់បងប្អូន ចំនួន ៥ថ្ងៃគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ព្រមទាំងចូលរួមរៀបចំ សណ្តាប់ធ្នាប់ សំអាត អនាម័យ និងដោតទង់ជាតិនៅតាមមុខផ្ទះរបស់បងប្អូនឱ្យបានស្អាត និងមានសោភណ្ឌភាព ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីម្ចាស់ក្រុមហ៊ុន ម្ចាស់ការ ដ្ឋានសំណង់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងដំណើរការដ្ឋានសាងសង់ និងជួសជុលសំណង់ផ្សេងៗ និង អ្នកពាក់ព័ន្ធដ៏ទៃទើត ពិតជាសហការចូលរួម អនុវត្ត សេចក្តីជូនដំណឹងនេះ ជាក់ជាពុំខាន ៕