ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) “ ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព” នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា ៖ យើងទាំងអស់គ្នាស្រលាញ់សន្តិភាព ពិតណាស់សន្តិភាព មិនអាចទទួលបានដោយងាយៗនោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំមកហើយ។ តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ ឈ្នះ គឺជា “ទស្សនវិជ្ជាសនិ្តភាព” ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក។ ក្នុងន័យនេះ ការបញ្ចប់សង្គ្រាមមិនមែនជាអព្ភូតហេតុចៃដន្យឡើយ ដូចនេះទើបនៅក្នុងដំណើរការនៃការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ គឺទាមទារនូវការដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ រួមផ្សំនឹងយុទ្ធសាស្ត្រជាលក្ខណៈវិទ្យាសាស្ត្រ ពីព្រោះបរិស្ថានគ្របដណ្តប់ និងសភាពការណ៍ជុំវិញមានភាពស្មុគ្រស្មាញ ព្រមជាមួយការប្រែប្រួលលឿនរហ័សបំផុត។ លើសពីនេះ គេក៏អាចនិយាយបានថា នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានអត្ថន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល ដោយហេតុថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិលើគ្រប់វិស័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ការសិក្សាប្រវត្តិសាស្ត្រយោធា គឺជាការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រការពារជាតិ សង្គ្រាម និងជម្លោះប្រដាប់អាវុធ ដោយធ្វើការវិភាគអំពីជ័យជម្នះ និងបរាជ័យតាមដំណាក់កាលនីមួយៗ ក៏ដូចជាអំពីក្រឹត្យក្រមនៃការកកើតចលនាប្រដាប់អាវុធ, សិល្បិ៍វិធីកងទ័ព និងការអភិវឌ្ឍកងទ័ព។ ជារួម ប្រវត្តិសាស្រ្តយោធា គឺជាធនធានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍគតិបណ្ឌិតជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំ។ ក្នុងន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាដែលកម្ពុជាបានរងឥទ្ធិពល ជាពិសេសផលវិបាកនៃសង្រ្គាមរ៉ាំរ៉ៃ រហូតទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះ យើងក៏អាចនិយាយបានថា ប្រវត្តិសាស្រ្តយោធានៅកម្ពុជា គឺជាប្រភពនៃមេរៀនបទពិសោធន៍ដ៏សម្បូរបែប និងជាធនធានពុទ្ធិសម្រាប់ការកសាងដុះខាត់គតិបណ្ឌិតជាយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់នាំឱ្យសម្រេចជោគជ័យក្នុងការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះ សិក្ខាសាលានេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់នាយទាហានកងយោធពលខេរមភូមិន្ទ តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាពុទ្ធិ និងបទពិសោធន៍ដ៏មានតម្លៃឧត្តុង្គឧត្តមសម្រាប់យោធិនយើងក្នុងនាមជាអ្នកជំនាន់ក្រោយ។
ឯកឧត្តម គូសបញ្ជាក់ថា សិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះ នឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម បន្ទាប់ពីបានប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគ រួមមានយោធភូមិភាគទី៣, ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់ដឹកនាំអង្គភាព កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹករង និងប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យដំណើរការទៅមុខ ដោយអាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន និងទិសដៅសម្រាប់ពេលអនាគត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងនូវកតញ្ញូតាចំពោះចក្ខុវិស័យដឹកនាំរបស់ សម្ដេចពិជ័យសេនា ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព តាមរយៈការយកចិត្តទុកដាក់ដោយផ្ទាល់លើការងារប្រវត្តិសាស្ត្រយោធា និងកិច្ចខិតខំប្រឹងប្រែងក្នុងការការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ដើម្បីជាការរំឭកទៅដល់សកម្មភាព និងរឿងរ៉ាវពាក់ព័ន្ធនឹងសង្គ្រាម ជម្លោះបែកបាក់ ការតស៊ូប្រដាប់អាវុធ និងការរួបរួមជាតិ ដែលកើតមានឡើងនៅក្នុងដំណើរនៃប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីអត្ថន័យដ៏ធំធេងនៃសន្តិភាព ដែលជាផលសម្រេចនៃ “នយោបាយឈ្នះ ឈ្នះ”។