នារី ម្នាក់ ឆបោកប្រាក់ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវប៉ូលិស ឃាត់ខ្លួន

 

នាយកដ្ឋានព័ត៌មាវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ​ ០១នាក់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ក្រោមរូបភាពធ្វើការផ្សព្វផ្សាយក្នុង Group ហ្វេសប៊ុក និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដើម្បីផ្តល់សេវាប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក​(USD)ទៅជារូបិយប័ណ្ណប្រាក់យន់(Yuan)ដើម្បីទិញទំនិញពីប្រទេសចិន។

បន្ទាប់ពីបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិទង្វើខាងលើពិតប្រាកដមែន​។ មន្ត្រីនគរបាលយុត្តិធម៌នៃនាយកដ្ឋានព័ត៌មានវិទ្យា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាថ្មីម្តងទៀតនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកនានាគ្រប់ទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យា ​ជាពិសេសការវេរសាច់ប្រាក់សម្រាប់ការទូរទាត់ថ្លៃសេវាកម្ម ឬទំនិញជាមុន ដោយមិនស្គាល់អត្តសញ្ញាណបុគ្គល ឬគ្មានប្រភពច្បាស់លាស់ ដែលអាចរងគ្រោះ ខាតបង់ប្រយោជន៍ដូចករណីខាងលើ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close