សេចក្ដីប្រកាសព័ត៌មាន របស់ រដ្ឋបាលខណ្ឌ៧មករា

រដ្ឋបាលខណ្ឌ៧មករា មានកិត្តយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី៣ ខែ  វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥,៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍លើ កំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។

ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧយ្យោសនសព្ទឱ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បាន ព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។

ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរ ប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហិង្សារបន្តិច បន្ដួច។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្ដឹងផ្ដល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close